រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

កិច្ចប្រជុំប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង

  • 1.3ពាន់
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តស្វាយរៀង ។ កិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាខេត្ត ឯកឧត្ដមសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនក្នុងកិច្ចការផ្ដល់សេវា និងរក្សាការពារសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណក្នុងខេត្តបានល្អប្រសើរ ព្រមទាំងបានចូលរួមសកម្មភាពនានាជាមួយរដ្ឋបាលខេត្តទាំងការងារសង្គម និងការងារមនុស្សធម៌ ការឧបត្ថម្ភគាំទ្រជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដោយជំងឺកូវីដ-១៩ និងការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ជាដើម ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖

១.ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ជាពិសេសការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការពារមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩-២០២០ នាពេលខាងមុខ ។

២.មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុក ត្រូវសហការតាមដាន និងគាំទ្រដល់ការប្រមូលផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវធ្វើការពិនិត្យ តាមដាន ជំរុញ និងគាំទ្រដល់ការបង្កបង្កើនផល និងការដាំដុះឡើងវិញរបស់របស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជាពិសេសការដាំដុះពូជស្រូវ និងគ្រាប់ពូជដំណាំ ដែលបានធ្វើការចែកជូននាពេលកន្លងមក ។

៣.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ជាពិសេសចូលរួមផ្សព្វផ្សាយ និងជំរុញប្រជាពលរដ្ឋឲ្យអញ្ជើញទៅបង់ពន្ធលើមធ្យោបាយធ្វើដំណើរ និងបង់ពន្ធអចលនទ្រព្យ ឲ្យបានទាន់ពេលកំណត់ ។

៤-ត្រូវបន្តរឹតបន្តឹងការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាយដាលនៃជំងឺកូវីដ-១៩ ជាពិសេសការធ្វើចត្តាឡីស័កប្រជាពលរដ្ឋមកពីក្រៅប្រទេសឲ្យបានម៉ត់ចត់ និងតឹងរឹងបំផុត ស្របតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ។៥-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការបង្ការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនឲ្យមានប្រសិទ្ធភាព ៕

អត្ថបទទាក់ទង