នាព្រឹកថ្ងៃសុក្រ ១៣រោច ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នៅស្រុករំដួល ។
អញ្ជើញចូលរួមក្នុងវេទិកានេះមានឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធាន អនុប្រធានអង្គភាពនានា ចំណុះសាលាខេត្ត មន្រ្តីសាលាស្រុក កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋជាច្រេីនរូបទៀត។
ឯកឧត្តម ភិន ឆាំ សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវលោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិកា និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិការនេះ ពិតជាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា វេទិកានេះរៀបចំឡើងមានគោលបំណងដើម្បីចង់ដឹងអំពីកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលនឹងផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សាតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ ។សូមបញ្ជាក់ជូនថា អង្គវេទិកានេះបានផ្តោតសំខាន់ទៅលើចំណុចសំខាន់មួយចំនួនដូចជា៖
១- ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព
២-ការងារអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវាសាធារណ: ការរៀបចំសណ្តាប់ធ្នាប់សាធារណ: និងសំណង់ ។
៣-ការធ្វើអត្តសញ្ញាណប័ណ្ណ និងការចុះសំបុត្រអត្រានុកូលដ្ឋាន
៤- សុខភាពអនាម័យ បរិស្ថាន អគ្គិសនី និងការបោះបង់ការសិក្សា ៕