នារសៀលថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុករំដួលមានរៀបចំពិធីប្រកាសតែងតាំងចូលកាន់ដំណែងអភិបាលរង នៃគណៈអភិបាលស្រុករំដួល ក្រោមអធិបតីភាព ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពី លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការធនធានមនុស្សសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្រ្តីដែលពាក់ព័ន្ធនានាជាច្រើនរូបទៀត ។
មានប្រសាសន៍នៅក្នុងពិធីនេ ឯកឧត្តម រស់ ផារិទ្ធ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋនៅទូទាំងស្រុក ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ ធ្វើឲ្យស្រុករបស់ខ្លួន សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយឡែកចំពោះការតែងតាំងមុខតំណែងនៅថ្ងៃនេះ គឺជាដំណើរការរដ្ឋបាលធម្មតា ក្នុងការរៀបចំមុខតំណែងមន្ត្រីរាជការក្នុងមុខងារសាធារណៈ ស្របទៅតាមគោលការណ៍គ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។
ឯកឧត្តមក៏បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗដូចជា៖ ពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសវាងឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។ បង្កើនការសហការក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសង។
បន្តពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។ បង្កើនការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យនៅក្នុងស្រុក ជាពិសេសនៅតាមទីប្រជុំជន និងនៅតាមដងផ្លូវសាធារណៈ ដើម្បីលើកកម្ពស់សោភ័ណភាពស្រុក។ បន្តជំរុញ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានម៉ឺងម៉ាត់បំផុត។
ទន្ទឹមនេះ មន្ត្រីរាជការដែលទើបទទួលបានការតែងតាំងថ្មី និងប្រកាសចូលកាន់មុខតំណែង នាពេលនេះត្រូវបន្តបេសកកម្ម ចូលរួមសហការជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុងគោរពតាមឋានានុក្រម ដឹកនាំស្របតាមការបែងចែកភារកិច្ចទទួលខុសត្រូវឱ្យបានល្អ ។
សូមបញ្ជាក់ផងដែរថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៣៤៦៧ ប្រក ចុះថ្ងៃទី១៣ខែសីហាឆ្នាំ២០២០ត្រូវបានផ្ទេរភារកិច្ចលោក ចាប ណុល ឋានន្តរស័ក្កិនាយក្រមការ ថ្នាក់លេខ៣ ពីអភិបាលរងនៃគណៈអភិបាលស្រុករមាសហែក ឲ្យទៅកាន់មុខដំណែងជាអភិបាលរង នៃគណៈអភិបាលស្រុករំដួល ខេត្តស្វាយរៀង ៕