រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមពិធីកាត់ខ្សែរបូរ និងសម្ពោធសមិទ្ធផល នៅក្នុងវត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ស្ថិតក្នុងភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍

  • 905
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បតិ៍១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីកាត់ខ្សែរបូរ និងសម្ពោធសមិទ្ធផល នៅក្នុងវត្តបជ្ជិនវាស ហៅវត្តចឹកវ៉ា ដែលចំណាយការសាងសង់អស់ថវិកា ១៦៣,៩០០ដុល្លារ ស្ថិតក្នុងភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ក្រោមអធិបតីភាពលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

មានប្រសាសន៍ថ្លែងទៅកាន់ពិធីនេះលោកជំទាវបានលើកឡើងថា ព្រះពុទ្ធសាសនា បានដើរតួនាទីអប់រំប្រជាពលរដ្ឋខ្មែរ ឱ្យមានសីលធម៌ថ្លៃថ្នូរ អាកប្បកិរិយាល្អ មានព្រហ្មវិហារធម៌ ចំពោះគ្នាទៅវិញទៅមក ហើយតាមរយៈការអប់រំនេះ អាចបញ្ជៀសបាននូវអំពើអសីលធម៌នានា ពីក្នុងសង្គមមនុស្ស ជាហេតុធ្វើឱ្យសង្គមបង្កើត បាននូវវប្បធម៌ សន្តិភាពប្រកបដោយភាពជឿជាក់។

លោកជំទាវ ម៉ែន សំអន បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាន និងរួមសុខរួមទុក្ខ ជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

លោកជំទាវបានថ្លែងបញ្ជាក់ថា សម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ក្នុងការជួយសម្រួល និងដោះស្រាយ នូវការលំបាករបស់បងប្អូនកម្មករ និយោជិកដូចជា ការតម្លើងប្រាក់ខែ ការផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីពេលឆ្លងទន្លេ ការបង្កើតបេឡាជាតិ សន្តិសុខសង្គម ការបញ្ចុះតម្លៃ ទឹក ភ្លើង និងការតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

លោកជំទាវបន្តថា សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានគិតគូរប្រាក់ខែដល់កម្មករ កម្មការិនីរោងចក្រ ដែលជាប់គាំងពុំមានដំណើរការ ក្នុងអំឡុងពេលវត្ថុធាតុដើមផ្គត់ផ្គង់មិនទាន់ នៅពេលដែលមានការវាយលុកពី វីរុស កូរូណា COVID-19 នេះ។ គឺរដ្ឋាភិបាលបានចេញ ២០ភាគរយ ចំណែកឯម្ចាស់រោងចក្របានចេញ ៤០ភាគរយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចេះការពារខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អបំផុតដែលការញរខ្លួន បានពីជំងឺគ្រប់ប្រភេទ រួមទាំងជម្ងឺ COVID-19 ផងដែរ។ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដោយរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងនូវភូមិ-ឃុំ មានសុវត្ថិភាពនៅមូលដ្ឋាន និងរួមគ្នាថែរក្សានូវសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូន ឱ្យបានគង់វង្ស សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។

ជាមួយគ្នានេះដែរ លោកជំទាវក៏បានក្រើនរំលឹកដល់មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការផ្តល់សេវា អប់រំសុខភាព ការបង្ការជំងឺ និងផ្តល់សេវាសុខាភិបាលជូនប្រជាជននៅតាមមូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរៀងៗ ខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង