រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានសហការជាមួយសាខាកាំកុងត្រូលខេត្តនាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះពិនិត្យចំណីអាហារនៅសាលាវិទ្យាល័យហ៊ុន សែនប្រសូត្រ និងអនុវិទ្យាល័យខ្ជាយស្រុកស្វាយទាប ខេត្តស្វាយរៀង

  • 1.2ពាន់
  • ដោយ Admin

នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះពិនិត្យចំណីអាហារនៅសាលាវិទ្យាល័យហ៊ុន សែនប្រសូត្រ និងអនុវិទ្យាល័យខ្ជាយស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីធ្វើតេស្តរកសារធាតុគីមីក្រោយមានសិស្សានុសិស្ស ចំនួន១០នាក់ បានសន្លប់ថប់ដង្ហើមកាលពីពេលថ្មីៗកន្លងទៅនេះ។

លោក ផឹង និល បានថ្លែងឲ្យដឹងថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញបានធ្វើមុខទំនិញចំនួន៣២មុខ ក្នុងនោះបានរកឃើញទំនិញមានសារធាតុគីមី ហាមឃាត់ នៅក្នុងបង្អែមលតអង្ក មានសារធាតុគីមី (Borax) និងនំបង្អែមការចាក់ចន្ទ័ មានសារធាតុគីមី (Borax) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកមករក្សាទុក ដើម្បីធ្វើការកម្ទេចចោល នៅពេលក្រោយ និងបានណែនាំឲ្យអ្នកលក់បញ្ឈប់លក់មុខទំនិញទាំងពីរមុខនេះ ព្រោះវាបានប៉ះពាល់ដល់ក្រពះ ពោះវៀនយ៉ាងធ្ងន់ធ្ងរ ខណៈដែលសិស្សានុសិស្សបានបរិភោគ។

លោក ផឹង និល បានអំពាវដល់សិស្សានុសិស្សទាំងអស់ សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុននឹងទិញ យកទៅបរិភោគដើម្បីចូលរួមលើកកម្ពស់ សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមសាលារៀន និងផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានញឹកញប់ជាបន្តបន្ទាប់បន្ថែមទៀតផងដែរ។

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តបានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងចេះថែរក្សាសុខភាព កាត់បន្ថយការមើលទូរសព្ទ និងកុំប្រើប្រាស់ផលិតផលសម្រកទម្ងន់ ដែលនាំឲ្យប៉ះពាល់សុខភាព និងត្រូវពិនិត្យមើលស្លាកសញ្ញាចំណីអាហារឲ្យបានត្រឹមមុននឹងបរិភោគ កុំហូបចំណីដែលគ្មានកាលបរិច្ឆេតច្បាស់លាស់ ជាពិសេសត្រូវផ្អាកហូបបង្អែមពីរមុខ ដែលមន្ត្រីកាំកុងត្រូលរកឃើញមានសារធាតុគីមីហាមឃាត់។ លោកគ្រូអ្នកគ្រូ ត្រូវដឹកនាំសិស្សានុសិស្សធ្វើការសម្អាតទីធ្លាសាលាឲ្យបានល្អ ចំណែកអ្នកលក់ត្រូវមានអនាម័យ ក្នុងការលក់ចំណីអាហារដល់សិស្សផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ មានសិស្សនៅអនុវិទ្យាល័យខ្ជាយ មានសភាពវិលមុខ ណែនទ្រូង ពិបាកដកដង្ហើម និងសន្លប់ ចំនួន ៦នាក់ (ស្រីទាំង៦នាក់) និងសិស្សវិទ្យាល័យ ហ៊ុន សែន ប្រសូត្រ ចំនួន ៤នាក់ មានអាការៈមិនស្រួលខ្លួន។
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញលិខិតណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា គ្រប់រាជធានី-ខេត្តទាំងអស់ ប្រឹងប្រែងលើកកម្ពស់សុខភាពសិស្ស នៅតាមគ្រឹះស្ថានសិក្សា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា អំឡុងពេលថ្មីៗនេះ ក្រសួងបានសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នៅតាមបណ្តាខេត្តបានពុលអាហារ មានអាការទន់ដៃទន់ជើង និងថប់អារម្មណ៍ ករលើខ្លះឈានទៅដល់ការដួលសន្លប់ ជាពិសេសសិស្សស្រី។ ករណីទាំងនេះ មន្ត្រីជំនាញសុខាភិបាលបានរកឃើញថា បណ្តាលមកពីការបរិភោគអាហារមិនមានសុវត្ថិភាព និងសុខុមាលភាព កង្វះអាហារូបត្ថម្ភ ការសម្រាកមិនគ្រប់គ្រាន់ កាទទួលទានភេសជ្ជៈប៉ូវកម្លាំងច្រើនពេក ការប្រែប្រួលអាកាសធាតុ ការបំពុលបរិស្ថាន និងកង្វះអនាម័យជាដើម។

ទន្ទឹមនេះ ឆ្លើយតបទៅនឹងករណីទាំងនេះ ក្រសួងបានចេញញសេចក្តីណែនាំជាច្រើន ក្នុងគោលបំណងចូលរួម លើកកម្ពស់សុខភាពរបស់សិស្ស ជាពិសេសការបង្ការជំងឺឆ្លង ជំងឺមិនឆ្លង គ្រោះថ្នាក់ផ្សេងៗ ព្រមទាំងការថែទាំសុខភាព នៅតាមរដូវកាលនីមួយៗ ដោយគ្របដណ្តប់ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ ទន្ទឹមនឹងនេះ ក្រសួងបានសង្កេតឃើញថា គ្រឹះស្ថានសិក្សាភាគច្រើនបានអនុវត្តតាមខ្លឹមសារ នៃសេចក្តីណែនាំបានយ៉ាងល្អប្រសើរ។ ទោះជាយ៉ាងនេះក្តី ក៏នៅមានគ្រឹះស្ថានសិស្សមួយចំនួន មិនអនុវត្តបានគ្រប់ជ្រុងជ្រោយនៅឡើយ ជាហេតុធ្វើឱ្យសិស្សានុសិស្សមួយចំនួន ទទួលរងបញ្ហាសុខភាព និងនាំឱ្យប៉ះពាល់ដល់ការសិក្សាប្រចាំថ្ងៃ៕

អត្ថបទទាក់ទង