នាព្រឹកថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាសាលាបឋមសិក្សាតាសួស ១ខ្នង មាន ៥បន្ទប់ ស្ថិតនៅភូមិតាសួស ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលឧបត្ថម្ភការសាងសង់ដោយក្រុមហ៊ុនដាយសូ អង្គការស្គូលអេដជប៉ុនប្រចាំនៅកម្ពុជា និងសប្បុរសជនជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧត្ដមសេនីយ៍ ឯកឧត្ដម លោកជំទាវ លោក លោកស្រីជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករមាសហែក និងឃុំទាំង១៦ ប្រធានអង្គការស្គូលអេដជប៉ុនប្រចាំកម្ពុជា និងសហការី ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា យាយជី តាជី និងបងប្អូនប្រជាពលរដ្ឋ សរុប ២.៣០០នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានជម្រាបជូនអំពីស្ថានភាពរួម សមិទ្ធផល និងការអភិវឌ្ឍនៅក្នុងខេត្តទាំងលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច កសិកម្ម ការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ ជាពិសេសវិស័យសិក្សាធិការអប់រំ ដែលកំពុងមានការរីកចម្រើន ទាំងផ្នែកគុណភាព នៃការបណ្ដុះបណ្ដាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដែលត្រូវបានពង្រាយចាប់ពីទីក្រុង ដល់ជនបទស្ទើរគ្រប់មូលដ្ឋាននៅក្នុងខេត្ត ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្តបានគោរពថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្ដេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនដាយសូ អង្គការស្គូលអេដជប៉ុន ប្រចាំកម្ពុជា និងសប្បុរសជនជប៉ុន ដែលបានផ្ដល់ជូន និងចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមចំណែកធ្វើឲ្យកើតឡើងនូវសមិទ្ធផលដែលជាអគារសិក្សាដ៏ថ្លៃថ្លានិងកំពុងត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ ដែលមិនត្រឹមតែបានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងនូវអគារសិក្សា ដែលកំពុងតែមានការខ្វះខាតនៅសាលាបឋមសិក្សាតាសួសប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកជួយគាំទ្រនៅក្នុងដំណើរការ នៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែទទួលបានជោគជ័យបន្ថែមទៀត ស្របតាមនិន្នាការ នៃការរីកចម្រើន និងតម្រូវការរបស់ប្រទេសជាតិនាពេលបច្ចុប្បន្ន ៕