នាថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ។
អញ្ជើញចូលរួមពីក្នុងកិច្ចប្រជុំនេះមាន លោកព្រះរាជអាជ្ញារង លោកស្នងការរងនគរបាលខេត្ត លោកប្រធានសាខាកាំកុងត្រូលខេត្ត លោកស្រីនាយករងរដ្ឋបាល លោកប្រធានលេខាធិការដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន លោក លោកស្រីសមាជិកលេខាធិការដ្ឋាន លោកប្រធានអនុគណៈកម្មាធិការលុបបំបាត់ឱសថក្លែងក្លាយនិងសេវាសុខាភិបាលខុសច្បាប់ទាំង៨ក្រុង-ស្រុក លោកប្រធាន ODទាំង៤ ។
ឯកឧត្ដមអភិបាលរងខេត្ត បានមានប្រសាសន៍ថា សូមបន្តធ្វើផែនការសកម្មភាព និងផែនការថវិកាដើម្បីធានាឲ្យការអនុវត្តការងារដំណើរការដោយរលូន ណែនាំឲ្យរៀបចំការងារបណ្ដុះបណ្ដាលទៅដល់មន្ត្រីជំនាញអំពីរបៀបពិនិត្យមើលទិដ្ឋការ អាជ្ញាប័ណ្ណ របស់ក្រសួងសុខាភិបាលនាំចូលត្រឹមត្រូវនៅតាមបណ្ដាយក្រុង-ស្រុកទាំង៨ ចង្អុលបង្ហាញឲ្យរៀបចំវេនយាមប្រចាំការនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកឲ្យប្រសិទ្ធភាពនិងបម្រើសេវាដល់អ្នកជម្ងឺទាន់ពេលវេលា ចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងការត្រួតពិនិត្យជាប្រចាំដើម្បីឃាត់ទុក បំផ្លាញចោល និងទប់ស្កាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ឈានទៅលុបបំបាត់ជាស្ថាពរបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ម្យ៉ាងទៀតមន្រ្តីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវបន្តអនុវត្តន៍ និងជំរុញវឌ្ឍនភាពនៅក្នុងកម្មវិធីសុខភាពបន្តពូជមាតា ទារក និងកុមារ កម្មវិធីប្រយុទ្ធប្រឆាំងជម្ងឺឆ្លង ជម្ងឺមិនឆ្លង កម្មវិធីពង្រីក និងពង្រឹងសុខាភិបាលកាន់តែរឹងមាំថែមទៀតជាពិសេស ពង្រឹងគុណភាពថែទាំសុខភាព សមត្ថភាពធ្វើរោគវិនិច្ឆ័យព្យាបាល និងថែទាំជម្ងឺណាដែរនៅមិនទាន់ឆ្លើយតបទៅនឹងសេចក្ដីរំពឹងទុករបស់អ្នកជម្ងឺ និងអតិថិជននៅឡើយ ទាំងសេវាសាធារណៈ និងឯកជន បន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល បង្កើនសមត្ថភាពគ្លីនិក ពង្រឹងយន្តការនីតិកម្ម ត្រួតពិនិត្យតាមដានគុណភាពជាប្រចាំ និងពង្រាយបុគ្គលិកជំនាញស្របតាមនិយាមបច្ចេកទេសទាំងអស់នេះជាសក្ដានុពល ដល់ការលើកកម្ពស់ គុណភាពនៃការផ្ដល់សេវាសុខភាព។ ត្រូវឈរលើបទពិសោធន៍នៃចំណុចខ្លាំង និងចំណុចខ្សោយ ដែលយើងទទួលបានក្នុងការអនុវត្តកន្លងមក ខ្ញុំមានទំនុកចិត្តថា វិស័យសុខាភិបាលក្នុងខេត្តរបស់យើងនឹងសម្រេចបាននូវសមិទ្ធិផល និងវឌ្ឍនភាពថ្មីៗច្រើនថែមទៀត និងជាពិសេសការងារលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ឲ្យសម្រេចបានជោគជ័យ១០០% ។ បន្តសហការក្ដាប់នូវមុខសញ្ញា និងខិតខំស្វែងរកប្រភពនៃឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ដែលទើបនឹងមានថ្មីៗ ដើម្បីចាត់ការផ្លូវច្បាប់ រួមទាំងបន្តណែនាំជំរុញអ្នកប្រកបដែលវិជ្ជាជីវៈសុខាភិបាលថ្មី សូមទៅចុះបញ្ជីវិជ្ជាជីវៈគណៈជំនាញឲ្យបានគ្រប់គ្នាៗ និងការទទួលខុសត្រូវតាមតួនាទី ភារកិច្ច របស់ODទាំង៤ អោយបានគ្រប់ជ្រុងជ្រោយ៕