១.អំពីស្រុកស្វាយជ្រំ
១.១ ប្រវត្ដិស្រុកស្វាយជ្រំ
ស្រុកស្វាយជ្រំ នេះគឺយកឈ្មោះ និងលំនាំដើមពីឃុំមួយគឺឃុំស្វាយជ្រំ ដែលឃុំនេះត្រូវបានបង្កើតឡើងនៅចន្លោះឆ្នាំ១៨៩៧-១៨៩៨ ស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាល របស់ខេត្ដរំដួល ។ នៅឆ្នាំ ១៩២២ ឃុំនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរំដួល ។ នៅឆ្នាំ១៩៣៥ ឃុំនេះស្ថិតក្រោម ការគ្រប់គ្រងរបស់រដ្ឋបាលស្រុករំដួល ។ នៅឆ្នាំ១៩៤៤ ឃុំនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្រុកស្វាយរៀង ។ ឃុំនេះត្រូវបានបង្កើតឡើង ដោយមានភូមិចំណុះដូចជាភូមិស្វាយក្ងោ ស្វាយលើ ស្វាយអង្គ ស្វាយផ្អែម និងភូមិស្វាយជ្រំ ទើបការរៀបចំឃុំដំបូងដាក់ឈ្មោះឃុំស្វាយជ្រំ រៀងរហូតមក ។ នៅឆ្នាំ១៩៩៥ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៩៥ ស្ដីពីការបង្កើតស្រុកថ្មីមួយទៀត គឺស្រុកស្វាយជ្រំ ដោយយកងារតាម ឈ្មោះឃុំខាងលើនេះឯង និងជាប់ឈ្មោះជាស្រុកស្វាយជ្រំ រហូតដល់បច្ចុប្បន្ន ។
១.២ អំពីទីតាំងសាលាស្រុក និងឃុំ ចំណុះស្រុកស្វាយជ្រំ
សាលាស្រុកស្វាយជ្រំ មានទីតាំងស្ថិតនៅបណ្ដោយផ្លូវជាតិលេខ ១ ក្នុងឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង ។ ស្រុកស្វាយជ្រំ មានឃុំ ចំណុះ ចំនួន ១៦ គឺ ១.អង្គតាសូ ២.បាសាក់ ៣.ចំបក់ ៤.កំពង់ចំឡង ៥.តាសួស ៦.ឈើទាល ៧.ដូនស ៨.គោកព្រីង ៩.គ្រួស ១០.ក្រោលគោ ១១.ពោធិ៍រាជ ១២.ស្វាយអង្គ ១៣.ស្វាយជ្រំ ១៤.ស្វាយធំ ១៥.ស្វាយយា និង១៦.ឃុំធ្លក ។
១.៣ អំពីផ្ទៃដី និងចំនួនប្រជាជន
ស្រុកស្វាយជ្រំ មានព្រំប្រទល់ ខាងកើតជាប់នឹងក្រុងស្វាយរៀង និងស្រុកកំពង់រោទិ៍ ខាងជើងជាប់នឹងស្រុករំដួល និងស្រុករមាសហែក ខាងលិចជាប់នឹងស្រុកកំពង់ត្របែក និងស្រុកមេសាង ខេត្ដព្រៃវែង ខាងត្បូងជាប់នឹងស្រុកវិញហ៊ឹង ខេត្ដឡុងអាន ប្រទេសវៀតណាម ។ ស្រុកនេះមានផ្ទៃដីប្រមាណ ៥២០,៧៦ គីឡូម៉ែត្រការ៉េ (អាចមានការប្រែប្រួល ព្រោះការបោះបង្គោលព្រំដែនមិនទាន់បានបញ្ចប់ជាស្ថាពរ) និងមានប្រជាជន ១៥៩.៨៨៧ នាក់ ។
១.៤ ការគ្រប់គ្រងដឹកនាំស្រុក
-សមមិត្ដ ប្រាក់ ចាំ ១៩៧៩
-សមមិត្ដ អ៊ុក ហាន (១៩៧៩-១៩៨០) ប្រធានគណៈកម្មាធិការប្រជាជនបដិវត្ដន៍ស្រុក
-សមមិត្ដ ចាន់ សឹម (១៩៨០-១៩៨៦) ប្រធានគណៈកម្មាធិការប្រជាជនបដិវត្ដន៍ស្រុក
-សមមិត្ដ ហ៊ាន ជឿន (១៩៨៦-១៩៩០) ប្រធានគណៈកម្មាធិការប្រជាជនបដិវត្ដន៍ស្រុក
-សមមិត្ដ ញឹម ឡាស់ (១៩៩០) ប្រធានគណៈកម្មាធិការប្រជាជនបដិវត្ដន៍ស្រុក
-លោក ប្រាក់ ភិន (១៩៩០-១៩៩៨) ប្រធានគណៈកម្មាធិការប្រជាជនស្រុក
-លោក អ៊ុយ ថន (១៩៩៩-២០១១) ជាអភិបាលស្រុក
-លោក សុទ្ធ គឹមច័ន្ទ (២០១១-២០១៩)
-លោក ហែម សារិទ្ធ (២០១៩-បច្ចុប្បន្ន) ជាអភិបាលស្រុក