១.ស្ថានភាពទូទៅៈ
រដ្ឋបាលខេត្តស្វាយរៀងចែកចេញជា ២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ និង៦៩០ភូមិ ។ មានផ្ទៃដីសរុប ២.៩៦៦,៤០គីឡូម៉ែតក្រឡា។ ប្រជាជនសរុបមានចំនួន ១៦៣.៩៤០គ្រួសារ មនុស្សសរុបមានចំនួន ៦៨២.៩៤១នាក់ ក្នុងនោះប្រុសមានចំនួន ៣៣១.៣៨០នាក់ ស្រីមានចំនួន ៣៥១.៥៦១នាក់ អត្រាកំណើនប្រជាជនប្រចាំឆ្នាំ១,៧៣% អត្រានៃគ្រួសារក្រីក្រតំបន់ជនបទ នៅត្រឹម ១៣,៣% និងតំបន់ប្រជុំជន ៥% ។
ខេត្តស្វាយរៀង មានព្រំប្រទល់ជាប់ជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម គឺខេត្តឡុងអាន និងខេត្តតៃនិញ មានប្រវែង ២៥៨គីឡូម៉ែត មានច្រកទ្វារព្រំដែនចំនួន ៨កន្លែង រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ច្រកទ្វារព្រំដែនទ្វេភាគីសំរោង ច្រកទ្វារព្រំដែនទ្វេភាគីបុសមន ច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ច្រកទ្វារតំបន់ព្រំដែនដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែដែក ដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូល និងការចរាចរណ៍ទំនិញ និងកសិផលផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន ។
២.សមិទ្ធផលនានារបស់រដ្ឋបាលខេត្តៈ
អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំប្រកប ដោយគតិបណ្ឌិត និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារ ស្របតាម តួនាទី ភារកិច្ច របស់ខ្លួន សំដៅជំរុញកសាង និងអភិវឌ្ឍន៍ខេត្ត ធ្វើឲ្យខេត្តស្វាយរៀងមានការរីកចម្រើនគ្រប់វិស័យ ។ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានធ្វើឲ្យសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្តមានលក្ខណៈល្អប្រសើរ ធានាដល់ការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយ សេចក្តីសុខសាន្ត ។
ក្នុងឆ្នាំទី៥ អាណត្តិទី២ និងឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈផែនការអនុវត្ត ៣ឆ្នាំ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល ១០ឆ្នាំ(២០១០-២០១៩) រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ និងជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាល កំណែទម្រង់រដ្ឋបាលសាធារណៈ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ហិរញ្ញវត្ថុ ការគ្រប់គ្រង និងអភិវឌ្ឍ ធនធានមនុស្ស ការផ្តល់សេវាសាធារណៈ និងការអភិរឌ្ឍមូលដ្ឋាន ដោយផ្អែកលើច្បាប់ស្តីពី ការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។
តាមរយៈថវិកាគុណប្រយោជន៍ខេត្តក្នុងឆ្នាំ២០១៨ និងរយៈពេល៩ខែ ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាន និងកំពុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជាប្រយោជន៍សាធារណៈក្នុងខេត្តដូចជា៖ ការ កសាង និងជួសជុលផ្លូវថ្នល់ ស្ពាន លូ ទំនប់(ច្រាំងទន្លេ)ការពារទឹកជំនន់ បង្គោលភ្លើងសាធារណៈ សួនច្បារ រៀបចំកែលម្អសោភណភាពក្រុងស្រុក ជួសជុលកែលម្អអាគារ ក្រុងស្រុក និងសាលាឃុំ សង្កាត់ ។ ក្នុងឆ្នាំ២០១៨ និង២០១៩នេះ ក្រុង ស្រុក ក៏មានកញ្ចប់ថវិកាផ្ទាល់ក្នុងការអភិវឌ្ឍមូលដ្ឋានតាមតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋផងដែរ ។ ចំពោះឃុំ សង្កាត់វិញ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ ឃុំ សង្កាត់ បាននិងកំពុងអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន ៩៨គម្រោង តាមរយៈមូលនិធិឃុំ សង្កាត់ ។
តាមរយៈការងារកំណែទម្រង់នេះ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខេត្តទទួលបាននូវការផ្ទេរ មុខងារ និងការធ្វើប្រតិភូកម្មមុខងារ និងធនធានមួយចំនួន ជាពិសេសទទួលបាននូវមូលនិធិ សម្រាប់ការ អភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងតាមរយៈការងារដ៏មានសារៈសំខាន់ នេះ រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតអង្គភាព និងការិយាល័យច្រកចេញចូលតែមួយចំនួនបួន គឺអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ការិយាល័យច្រកចេញចូលតែមួយក្រុងបាវិត ការិយាល័យច្រកចេញចូលតែមួយក្រុងស្វាយរៀង និងការិយាល័យច្រកចេញចូលតែមួយស្រុកស្វាយជ្រំ និងមានផែនការពង្រីកនៅតាមសាលាស្រុកដែលពុំទាន់មាន ការិយាល័យច្រកចេញចូលតែមួយ ដើម្បីធ្វើជាកន្លែងប្រមូលផ្តុំផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកយដោយគុណភាព ប្រសិទ្ធិភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា ។
-ការងារសាងសង់ប្រព័ន្ធធារាសាស្រ្តៈក្នុងខេត្តមាន ប្រព័ន្ធធារាសាស្រ្តនៅទូទាំងខេត្តមានចំនួន ៣៥ប្រព័ន្ធ។
ទំនប់អាងទឹកមាន ១៩ខ្សែ ស្ថានីយ៍បូមទឹកធំៗចំនួន ០៤កន្លែង ប្រឡាយមេមាន ២៨ខ្សែ ប្រវែង ៥២១.២៥០ម៉េត្រ ប្រឡាយរងមានចំនួន ២៧ខ្សែ ប្រវែង ១០៣.៧៧៥ម៉េត្រ ប្រឡាយជើងក្អែបមានប្រវែង ៧៨១.១០៨ម៉ែត្រ ។អាងស្តុកទឹក បរិមាណចំណុះអាចស្តុកទឹកបានចំនួន ៨៩,៣០លានម៉ែត្រគូប អាចស្រោចស្រពផ្ទៃដីសរុបចំនួ ៨៨.៧៨៥ហិកតា ក្នុងនោះស្រូវប្រាំង ២១.២០៦ហិកតា និងស្រូវវស្សា ចំនួន ៦៧.៥៧៩ ហិកតា ។
-ការងារសាធារណការៈ ក្នុងខេត្តមាន ផ្លូវជាតិកម្រិតមួយលេខមានចំនួន ០១ខ្សែ ប្រវែង ៦៤,៨៤១គម ទទឹង ១០ម ក្រាលបេតុងកៅស៊ូ (AC) ផ្លូវជាតិកម្រិតពីរលេខមានចំនួន ០២ខ្សែ ប្រវែង ៨១,១៦៥ គម ទទឹង ១០ម ក្រាលកៅស៊ូពីរជាន់ (DBST) ផ្លូវខេត្តមានចំនួន ៦០ខ្សែ ប្រវែងសរុបចំនួន ៧៣៦,១១៣ គម ផ្លូវក្រាលបេតុងមានប្រវែង ១៨,៩៥២ គម ផ្លូវក្រាលបេតុងកៅស៊ូមានប្រវែង ១,៨០ គម ផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៣១៣,៩០៣ គម ផ្លូវក្រាលដីល្បាយថ្មមានប្រវែង ៣៦៩,៦០៨ គម ផ្លូវក្រាលដីធម្មជាតិមានប្រវែង ៣១,៨៥០ គម។
-ការងារអភិវឌ្ឍន៍ជនបទៈបានសាងសង់ផ្លូវជនបទគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ៥៧,២៨៥ គ.ម នៅស្រុកកំពង់រោទិ៍ ស្រុករំដួល និងស្វាយជ្រំ និងប្រវែង ១៣,៣៦៨ គ.ម នៅស្រុក កំពង់រោទិ៍ និងស្រុកស្វាយជ្រំ សម្រេចបាន៥៧% (ពហុឆ្នាំ)។ បានកំពុងសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ៣,២ គ.ម នៅស្រុកស្វាយជ្រំ សម្រេចបាន៩៨% (ពហុឆ្នាំ) និងប្រវែង ១២,៤២៩ គ.ម នៅក្រុងបាវិត និងកំពង់រោទិ៍ សម្រេចបាន១០% និងបានបញ្ចប់សាងសង់បង្គន់អនាម័យសាធារណៈចំនួន ១កន្លែង ក្នុងផ្សារស្វាយជ្រុំ នៅស្រុកស្វាយជ្រំ ។ បានបញ្ចប់ការសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ១១,៤ គ.ម នៅស្រុករំដួល និងស្រុកស្វាយជ្រំ ។
-វិស័យអប់រំសិក្សាធិការៈ នៅទូទាំងខេត្តវិទ្យាល័យមាន ២១កន្លែង អនុវិទ្យាល័យមាន ៥៣កន្លែង បឋមសិក្សាមាន ២៦២កន្លែង និងមត្តេយ្យសិក្សាមាន ១៧៣កន្លែង ព្រមទាំងមានសិស្សគ្រប់ភូមិសិក្សាចំនួន ៦១.៥៨៩នាក់ ។ ដោយឡែក ចំពោះអគារសិក្សាមានចំនួន ៩៦២ខ្នង ស្នើនឹង ៤.០៦៥បន្ទប់ ។
-វិស័យសុខាភិបាលៈ បច្ចុប្បន្នមានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៅទូទាំងខេត្តមានមន្ទីរ ពេទ្យចំនួន ០៥កន្លែង គឺ៖ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យបង្អែកស្វាយទាប មន្ទីរពេទ្យបង្អែកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។ ក្នុងខេត្តស្វាយរៀង មានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កចំនួន ១៣កន្លែង ក្នុងនោះមានមណ្ឌលចត្តាឡីស័កកម្រិត២ចំនួន ២កន្លែង ។ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១.៥៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១.០៧៦នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៤៨៣នាក់ និងមានករណីស្លាប់ចំនួន ១១នាក់ ។
–ផែ្នកថាមពលអគ្គិសនី និងទឹកស្អាតៈ ថាមពលអគ្គិសនី ដែលប្រើប្រាស់ក្នុងខេត្តស្វាយរៀង គឺផលិតផ្ទាល់ខ្លួន ទិញពីប្រទេសវៀតណាម ភ្នំពេញ អនុស្ថានីយ៍ច្រកម្ទេស សរុបទាំងអស់ ២៦៨.០៦៨.៩៤៦គីឡូវ៉ាត់ម៉ោង តម្លៃថាមពលអគ្គិសនី ៦៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង គ្រួសារមានអគ្គិសនីប្រើប្រាស់ចំនួន ៧៧.៦១៧គ្រួសារ ។ ចំពោះការងារផ្គត់ផ្គង់ទឹកស្អាតក៏បាន រៀបចំប្រព័ន្ធបណ្តាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋតាមទីប្រជុំជនក្រុងស្វាយរៀង ប្រសូតិ កំពង់ចក តម្លៃ ១.២០០រៀល ក្នុងមួយម៉ែត្រគូប គ្រួសារដែលមានទឹកស្អាតប្រើប្រាស់ចំនួន ៧.៧៥១ គ្រួសារ ។
–វិស័យព្រះពុទ្ធសាសនាៈ ទូទាំងខេត្តស្វាយរៀង មានចំនួន ២៤៥វត្ត ក្នុងនោះវត្តគណៈមហានិកាយមានចំនួន ២៤៤វត្ត និងគណៈ ធម្មយុត្តិកនិកាយមានចំនួន ០១វត្ត ដែលមានព្រះសង្ឃមានចំនួន ២.១៩៥អង្គ ។ បានរៀនបចំកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម ដោយបានផ្សព្វផ្សាយពីផលប៉ះពាល់ការ ប្រើប្រាស់គ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ និងអំពីភូមិឃុំ មានសុវត្ថិភាព តាមវិទ្យុនានាក្នុងខេត្ត ចំនួន ៧២០ម៉ោង ។ នៅក្នុងខេត្តមានសាលាធម្មវិន័យចំនួន ៣២កន្លែង សាលាពុទ្ធិកបឋមមានចំនួន ៣៣កន្លែង និងពុទ្ធិកអនុវិទ្យាល័យមានចំនួន ០១កន្លែង មានសមណសិស្សនិងសិស្សសរុបចំនួន ១.៨៥៦អង្គ/នាក់ ។
–វិស័យវិនិយោគឯកជនៈ បច្ចុប្បន្ន ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការ ០៩កន្លែង គឺតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត តំបន់សេដ្ឋកិច្ចពិសេសសានដុង តំបន់សេដ្ឋកិច្ចពិសេសនាគរាជ តំបន់សេដ្ឋកិច្ចពិសេសឈីលូ តំបន់សេដ្ឋកិច្ចពិសេសហាយផាក តំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត និងតំបន់សេដ្ឋកិច្ចពិសេសអ៊ិនធ័រវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍ ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ នៅទូទាំងខេត្តមានសហគ្រាស គ្រឹះស្ថាន ចំនួន ២៧៩សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ១០៤.១៤៣នាក់ ស្រី ៦០.១១២នាក់ ។
–វិស័យសំណង់ និងដីធ្លីៈ ការងារចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីលើកដំបូងចំនួន ២២៣ប័ណ្ណ ការចុះបញ្ជីអំពីការផ្ទេរសិទ្ធិចំនួន ២.៤៦១ប័ណ្ណ ការប្ដូរប្រភេទដីចំនួន ០៩ប័ណ្ណ ការបំបែកក្បាលដីដោយមិនផ្ទេរចំនួន ៣៦ប័ណ្ណ និងការចុះបញ្ជីអំពីការដាក់ហ៊ីប៉ូតែកចំនួន ៥០០ប័ណ្ណ ។ ការងារចុះបញ្ជីដីមាន លក្ខណៈជាប្រព័ន្ធ បានបញ្ជូលទិន្នន័យក្បាលដីសម្រេច ចំនួន ៩៨.៨៦៧ក្បាលដី បានបិទផ្សាយជាសាធារណៈចំនួន ៨៤.៧៨៦ក្បាលដី និងបានចេញប័ណ្ណដល់ប្រជាពលរដ្ឋចំនួន ៤៥.៧៧៩ក្បាលដី។
–វិស័យសេដ្ឋកិច្ច សង្គមកិច្ចផេ្សងទៀត ក៏កំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ផងដែរ ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនឈានឡើងលើ គ្រប់វិស័យ។