វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅក្រុងបាវិត ខេត្តស្វាយរៀង
នៅព្រឹកអង្គារ ១៥រោច ខែកត្កិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម សេង សីលា អភិបាលរងខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ស្ថិតនៅបរិវេនពោធិ៍ថ្មី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
អញ្ជើញចូលរួមក្នុងវេទិកានេះមានឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាជុំវិញខេត្ត លោក លោកស្រីគណៈអភិបាលក្រុងបាវិត លោក លោកស្រីក្រុមប្រឹក្សាស្រុក លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពនានាចំណុះសាលាខេត្ត មន្រ្តីសាលាខេត្ត សាលាក្រុង កងកម្លាំងទាំង៣ លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីមេភូមិនានាក្នុងក្រុងបាវិត និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ២៤៩នាក់។
មានប្រសាសន៍នាឳកាសវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅពេលនេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាពលរដ្ឋ វិស័យឯកជន និងសមាជិក សមាជិការនៃអង្គវេទិការទាំងមូលដែលបានចូលរួមក្នុងវេទិកានេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាកម្មវត្ថុចម្បងនៃការរៀបចំអង្គវេទិកា និងរួមគ្នារកដំណោះស្រាយ បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ។
ឯកឧត្តម សេង សីលា អភិបាលរងខេត្ត បានបន្ថែមថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យ កាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអទិភាព និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ៕