ខេត្តស្វាយរៀងរៀបចំសិក្ខាសាលាស្តីពី "ការជំរុញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារកាណាដា"
នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សេង សីលា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការជំរុញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារកាណាដា" នៅក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី មន្ទីរជំនាញនានាក្នុងខេត្ត តំណាងរោងចក្រ និងសហគ្រាស និងសិស្សនិស្សិតជាច្រើននាក់ទៀត។
លោក អុប ណាន អនុប្រធានមន្ទីរពាណិជ្ជកម្ម បានលើកឡើងអោយដឹងថា: នៅក្នុងទូទាំងខេត្តមានក្រុមហ៊ុន សហគ្រាស ដែលបានចុះបញ្ជីពាណិជ្ជកម្ម សរុបចំនួន ១,៥២៩ ក្នុងនោះ៖ ក្រុមហ៊ុនមានចំនួន ៦០៣ និងសហគ្រាសឯកបុគ្គលមានចំនួន ៩២៦។មានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន ៤៨រោងចក្រ និងសហគ្រាស គ្រឹះស្ថានសរុប ចំនួន២៤៧ កន្លែង ដែលមានកម្មករកំពុងបម្រើការងារសរុបចំនួន ១០៥,៤០៧ នាក់។ឯកឧត្តម សេង សីលា អភិបាលរងខេត្ត មានប្រសាសន៍អោយដឹងថា: ក្នុងពេលបច្ចុប្បន្ននេះខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចកំពុងដំណើរការចំនួន៩ និងតំបន់ជាច្រើនទៀត ត្រៀមបើកដំណើរការ ដែលមានរោងចក្រសហគ្រាសសរុបចំនួន ៣០៣រោងចក្រ សហគ្រាស កំពុងដំណើរការផលិតកម្ម ដែលស្រូបកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០០,០០០នាក់។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានថ្លែងអរគុណដល់ក្រសួងពាណិជ្ជ ដែរតែងបានយកចិត្តទុកដាក់រៀបចំអោយមានសិក្ខាសិលាការជំរុញផលិតផលសក្តានុពលកម្ពុជា ទៅកាន់ទីផ្សារបរទេស។ និយាយដោយឡែកគឺបានជួយ ពង្រឹងសមត្ថភាពរោងចក្រសហគ្រាស ក្នុងការបំពេញបែបបទ និងល័ក្ខខ័ណ្ឌក្នុងការននិងល័ក្ខខ័ណ្ឌក្នុងការនាំទំនិញទៅប្រទេសកាណាដា។ជាមួយគ្នានោះដែរលោកក៏បាន ផ្ដាំផ្ញើដល់អ្នកចូលរួមនៅក្នុងពិធីនេះ អោយយកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញរបស់មន្ត្រីជំនាញមកពីក្រសួងពាណិជ្ជកម្ម និងធ្វើការពង្រឹងគុណភាពទំនិញ សម្រាប់នាំចេញទៅក្រៅប្រទេសអោយត្រូវតាមស្តង់ដារ។
ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា: សិក្ខាសាលាថ្ងៃនេះ ជាការរួមចំណែកមួយ ក្នុងការបញ្ញាបពុទ្ធិ បទពិសោធន៍ពីវាគ្មិន បច្ចុប្បន្នភាពព័ត៌មាន ថ្មីៗអំពីផលិតផលសក្តានពល ឱកាសទីផ្សារនាំចេញ និងគោលនយោបាយពាណិជ្ជកម្មអន្តរជាតិ ជូនដល់គ្រប់ភាគី ពាក់ព័ន្ធ ក្នុងការធ្វើពាណិជ្ជកម្ម និងអាជីវកម្មដែលកំពុងប្រកបរបរទទួលទានតាមបណ្តាខេត្ត ក្រុង នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម សំ សិទ្ធិស័ក្តិ បានបញ្ជាក់ផងដែរថា: ប្រទេសកាណាដា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៧ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន វៀតណាម សហរដ្ឋអាមេរិក ថៃ ជប៉ុន និងឥណ្ឌូនេស៊ី។ ផលិតផលនាំចេញច្រើនជាងគេរបស់កម្ពុជាទៅកាន់ប្រទេសកាណាដា មានដូចជា: សម្លៀកបំពាក់ ស្បែកជើង កាបូប វាយនភណ្ឌ និងកៅស៊ូ។ កម្ពុជាបច្ចុប្បន្នទទួលបានអត្ថប្រយោជន៍ពីកម្មវិធីអនុគ្រោះពន្ធឯកតោភាគីរបស់ប្រទេសកាណាដា ដូចជាពន្ធអនុគ្រោះទូទៅ (GSP) និងពន្ធប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដែលផ្តល់អោយនូវការកាត់បន្ថយពន្ធ និងគ្មានកូតាសម្រាប់ផលិតផលភាគច្រើននៃបន្ទាត់ពន្ធគយលើការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍តិចតួច៕