រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

វេទិការផ្សព្វផ្សាយយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀងនៅក្រុងបាវិត

  • 8
  • ដោយ Admin

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ស្ថិតនៅសាលាសង្កាត់បាវិត ក្រុងបាវិត

នាព្រឹកថ្ងៃទី២២ វិច្ឆិកា ២០២៤​ ឯកឧត្តម សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង តំណាងឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិ​ទី៤​ ឆ្នាំ២០២៤​ ស្ថិតនៅសាលាសង្កាត់បាវិត ក្រុងបាវិត។

មានប្រសាសន៍ទៅកាន់វេទិកានេះ​ ឯកឧត្តម សំ ប៊ុណ្ណារិន សមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងថា​ វេទិកានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដែលបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ឯកឧត្តមបន្តថា​ រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។

ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងថា: តាមរយ:វេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់មានសិទ្ធស្មើគ្នា ក្នុងការចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន ហើយថែមទាំងអាចលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានា ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនមកកាន់អាជ្ញាធរ ក៏ដូចជាក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដើម្បីធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។​ចំណុចដែលគួរអោយកត់សម្គាល់នោះគឺឯកឧត្ដមគណៈអធិបតី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អធិការដ្ឋាននគរបាល បានទទួលយកសំណូមពរ និងបញ្ហាប្រឈម ហើយបានបកស្រាយនូវចំងល់ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងដោយមិនទុកបញ្ហាចោលនោះឡើយ៕

អត្ថបទទាក់ទង