សិក្ខាសាលាស្តីពីការ ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំឆ្នាំ២០២៣
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការ ចែករំលែកបទពិសោធន៍នៃការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត, ប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត, ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត, ប្រធានការិយាល័យអប់រំ យុវជន និងកីឡារដ្ឋបាលក្រុង ស្រុក ខណ្ឌ, នាយក នាយិកាសាលាបឋមសិក្សាចំនួន ០២រូបក្នុងមួយក្រុង ស្រុក ខណ្ឌ, និងនាយកសាលាបឋមសិក្សាជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំឆ្នាំ២០២៣ នៅសាលប្រជុំសកលវិទ្យាល័យស្វាយរៀងសរុបចំនួន ៧៤១នាក់ ស្រី ៣១០នាក់។
នាថ្ងៃដដែលនេះដែរ ឯកឧ្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានអញ្ជើញទស្សនកិច្ចសាលាបឋមសិក្សាស្វាយជ្រុំ ដែលជាម្ចាស់ជ័យលាភីលេខ១ ស្ទួន និងជួបផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស ព្រមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ដែលគាំទ្រសាលាបឋមសិក្សាស្វាយជ្រុំផងដែរ។
ភ្លាមៗក្រោយពីបានទស្សនកិច្ចសាលាបឋមសិក្សាស្វាយជ្រុំរួចមក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្តមកជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តស្វាយរៀង ដើម្បីជួបផ្ទាល់ ស្តាប់ផ្ទាល់ និងដោះស្រាយបញ្ហាប្រឈមនានាដោយផ្ទាល់ជាមួយមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈ៕