កិច្ចប្រជុំសាមញ្ញ លើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
នាព្រឹកពុធ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្ត មានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត ។
របៀបវារៈនៃកិច្ចប្រជុំនេះមាន ៖
១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្ត។
២. ពិនិត្យ និងអនុម័តសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត ស្វាយរៀង។
៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង។
៤. សេចក្តីផ្សេងៗ (កិច្ចប្រជុំសាមញ្ញលើកទី៣ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤)។