រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន បានអញ្ជេីញចូលរួម​ពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន៨វត្ត​

  • 128
  • ដោយ Admin

នាព្រឹកថ្ងៃចន្ទ​ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុ​មប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ បានអញ្ជេីញចូលរួម​ពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន៨វត្ត​ ដែលបានប្រារព្ធធ្វេីឡេីងនៅវត្តគយត្របែក​ សង្កាត់គយត្របែក ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សនៃព្រះរាជាណាចក្រ កម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្ត។​​

សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ លើកឡើងថា ទៀនវស្សា ត្រូវបានចាត់ទុកថា ជាពន្លឺសម្រាប់ជីវិតដែលផ្នែកងងឹតនៃជីវិតនឹងត្រូវបានបំភ្លឺ ដឹកនាំផ្លូវឆ្ពោះទៅរកព្រះនិព្វាន។ ទន្ទឹមនោះដែរ សម្តេចក៏បានអំពាវនាវ ដល់ព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ននៅ គ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នា​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីក ហ្វូណនតេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្រោមគំនិតផ្តួចផ្តើមប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។​

គួររំលឹកផងដែរថា ពិធីបុណ្យ “ចូលព្រះវស្សា” ​នឹងត្រូវប្រារព្ធធ្វើចាប់ពី​ថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកំឡុងពិធីបុណ្យដែលមានរយៈពេល​៣ខែនេះព្រះសង្ឃមិនចាកចេញពីវត្តអារាម ដើម្បីនិមន្ត បិណ្ឌបាត្រដូចពេលធម្មតាទេ។ ព្រះសង្ឃត្រូវគង់នៅក្នុងបរិវេណវត្តអារាម​ ទោះជាយ៉ាងណាក៏ដោយព្រះសង្ឃអាចទទួលយកការអញ្ជើញនិមន្តរបស់អ្នកកាន់សាសនា​ និងធ្វើដំណើរ ចេញនៅពេលថ្ងៃ ប៉ុន្តែមិនអាចនិមន្តទៅទីឆ្ងាយដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ។​ ជាទូទៅ អ្នកកាន់ព្រះពុទ្ធសាសនា ថ្វាយទៀនវស្សា ជាទៀនធំ ដែលត្រូវបំភ្លឺពេញមួយថ្ងៃ និងយប់ ក្នុងឱកាសពិធីបុណ្យព្រមទាំង ប្រេង ស្បងចីពរ និងគ្រឿង ឧបភោគ បរិភោគផ្សេងៗ ដល់ ព្រះសង្ឃ​។​

ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើន ព្រះបរិត្ត ដើម្បីឧទ្ទិសមហា កុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និង បុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ។

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន ៨វត្ត នៅក្នុងថ្ងៃនេះរួមមាន៖ ទៀនព្រះវស្សា ១គូ, អង្ករ ១០០គីឡូក្រាម ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, ស្ករស ៥គីឡូក្រាម, ទឹកដោះគោ ១០កំប៉ុង, មីសួរ ១គីឡូក្រាម, ទឹកត្រី ១យួរ និងទឹកស៉ីអ៊ីវ ១យួរ តែស្លឹក ៦កញ្ចប់,ប្រេងឆា ២កេស សាប៊ូ ៣កេស ចង្ហា ន់ ១ស្រាក់ នំអស្សម ២ ត្រីខ ៥យួរ និងបច្ច័យចូលបុណ្យមួយចំនួន៕

អត្ថបទទាក់ទង