ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័កមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងនាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័កមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោក ឧត្ដមសេនីយ៍ សែ វុទ្ធី ជាថ្នាក់ដឹកនាំកងកម្លាំងមួយរូបពោរពេញដោយសមត្ថភាពដែលក្នុងរយៈពេល នៃការកាន់មុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង រយៈពេល ៩ឆ្នាំ កន្លងមកនេះ មិនត្រឹមតែបានចូលរួមដឹកនាំគ្រប់គ្រង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការល្អជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដោយបានបង្កើតស្នាដៃធំៗជាច្រើនក្នុងការងារថែរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងខេត្ត ជាពិសេសការកសាងសមិទ្ធផលនានាជាច្រើន សម្រេចបានស្ទើរគ្រប់ក្រុង ស្រុក នៅទូទាំងខេត្ត ។
ឯកឧត្តមបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់ យ៉ាងមុតមាំថា លោកឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តថ្មី ដែលបានប្រកាសតែងតាំងមុខតំណែងនៅថ្ងៃនេះ នឹងបន្តខិតខំប្រឹងបែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន វិន័យបទបញ្ជាក្រមសីលធម៌កងម្លាំង និងគោរពឋានានុក្រមការងារ ប្រកបដោយសុឆន្ទៈបុរេសកម្ម អន្តរសកម្ម ការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង ការទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាព នៃការដឹកនាំគ្រប់គ្រងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តខេត្តស្វាយរៀង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មានប្រសាសន៍ថា យោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ (ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាពការងារ)។
សម្រាប់ពិធីនាពេលនេះ ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ៖
១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
២- រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ
៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
៤- ជាការផ្លាស់ប្តូរបរិយាកាសការងារ ចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យស្ថាប័ន អង្គភាព រីកចម្រើនព្រមៗគ្នា។ ម្យ៉ាងទៀត មានឱកាសទទួលបានការសិក្សា រៀនសូត្រ ដើម្បីបង្កើនសមត្ថភាព តាមឱ្យទាន់ការវិវឌ្ឍន៍ថ្មីៗនៃសភាពការណ៍។
ឯឧត្តមបន្តថា ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តស្វាយរៀង សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយ កិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទី ភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។ ទន្ទឹមនេះក៏សូមផ្តាំផ្ញើដល់លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ ត្រូវយកចិត្តទុកដាក់នូវតួនាទីភារកិច្ចស្នូលមួយចំនួនដូចខាងក្រោម ៖
១- ការគ្រប់គ្រងមនុស្ស ត្រូវយល់ដឹងពី ការហូបចុក,ស្លៀកពាក់,ស្នាក់នៅ,សុខភាព- អប់រំ រៀនសូត្រ, មធ្យោបាយធ្វើដំណើរ- កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាកការងារ -ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់ការងារ-គ្រប់គ្រងអចលនទ្រព្យ-ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព
២- ការងារកសាងអង្គភាព ទីកន្លែងធ្វើការងារ (អគារ,ការិយាល័យ និងកន្លែងធ្វើការងារ)ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព
៣- ការងារដឹកនាំ គ្រប់គ្រង បញ្ជាអង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច។ ទន្ទឹមនោះត្រូវក្តាប់ឱ្យជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកទាំង ៤ឃ្លា មានដូចជា ចំពោះប្រទេសជាតិ ត្រូវតែការពារ,ចំពោះប្រជា ត្រូវតែបម្រើ,ច្បាប់ ត្រូវតែគោរពុំ, បទល្មើស ត្រូវតែបង្ក្រាប។