នៅព្រឹកថ្ងៃសុក្រ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងបានអនុញ្ញាតឱ្យលោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងសមាជិក សមាជិការសមាគម ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ។
ឯកឧត្តម ស៊ូម សារឿន បានលើកឡើងអំពីចក្ខុវិស័យរបស់សមាគម គឺមានគោលបំណងផ្តល់ក្តីសង្ឃឹមទៅដល់ជនងាយរងគ្រោះមានដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង និងស្ត្រី មេម៉ាយក្រីក្រ ជាដេីម។ទន្ទឹមនោះ បេសកម្មនៃការប្រមូលមូនិធិដែលជាជំនួយមនុស្សធម៌របស់សប្បុរសជនក្នុង និងក្រៅប្រទេស និងប្រើប្រាស់មូលនិធិទាំងនេះសម្រាប់សកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ ព្រមទាំងកែលម្អគុណភាពជីវិតរបស់ជនងាយរងគ្រោះនៅក្នុងសង្គមតាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ពួកគាត់ដោយមិនគិតពីវប្បធម៌ សាសនា និន្នាការនយោបាយអ្វីឡេីយ។
ឯកឧត្តមបន្តថា ក្នុងនាមប្រធានសមាគមរាជសីហ៍ និងសមាជិកសមាជិការសមាគមទាំងអស់ សូមថ្លែងនូវការអរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលបានអនុញ្ញាឲ្យសមាគមនិងសមាជិក មាជិការ បានចូលជួបសម្តែងការគួសម និងផ្តលឱកាសដល់សមាគមរាជសីហ៍បានរាយការណ៍អំពីសមិទ្ធផលការងារមនុស្សធម៌ដែលសម្រេចបានកន្លងមក។
មានប្រសាន៍ក្នុងឱកាសនោះដែរ ឯកឧត្តអភិបាលខេត្តបានថ្លែងនូវការគាំទ្រចំពោះសមាគមរាជសីហ៍ ទិសដៅសកម្មភាពមនុស្សធម៌តាមរយៈការផ្តល់នូវក្តីស្រលាញ់ ការខ្វាយខ្វល់ និងការយកចិត្តទុកដាក់ទៅដល់ជនងាយរងគ្រោះ គ្រួសារក្រ និងសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រេីនទៀតនៅខេត្តស្វាយរៀង។
ឯកឧត្តមអភិបាលខេត្តក៏បាន ថ្លែងអំណរគុណចំពោះ សមាគមរាជសីហ៍ដែលបានឧបត្ថម្ភំណោយមួយចំនួនដូចជា៖ អង្ករចំនួន១០០០គីឡូ,មី ៥០កេស ,ទឹកបរិសុទ្ធវីតាល់១០០កេស,ទឹកត្រី៥០យួរ,ទឹកស៉ីអ៉ីវ៥០យួរ និងត្រីខកំប៉ុងចំនួន៥០ដុំ ផ្តល់ជូនដល់រដ្ឋបាលខេត្តស្វាយរៀងសម្រាប់ប្រេីប្រាស់ក្នុងសកម្មភាពការងារមនុស្សធម៌ផងដែរ ៕