នៅថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជំហានទី១ នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះមានការអញ្ជេីញចូលរួមពី លោកនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោកអនុប្រធានមន្ទីរការងារ លោក អភិបាលរងស្រុករមាសហែក លោកមេឃុំត្រពាំងស្តៅ លោកប្រធានមជ្ឃមណ្ឌលទីផ្សារការងារ សមាសភាពដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រេីនរូបទៀត។
លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានថ្លែងអំណរគុណចំពោះពុកម៉ែបងប្អូន ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការចូលស្តាប់ និងទទួលយកចំណេះដឹងពីថ្នាក់ដឹកនាំ និងក្រុមការងារ សម្រាប់កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET 1.5M។
ឯកឧត្តម ម៉ែន អេង មានប្រសាសន៍ឱ្យដឹងថា: ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាគន្លឹះសំខាន់បំផុត ដែលអាចបង្កើនផលិតភាព ការងារ បំពេញក្តីស្រមៃរបស់អ្នកវិនិយោគ និងបង្កើនប្រាក់កម្រៃសម្រាប់និយោជិក កម្មករផងដែរ។ កម្មវិធីបណ្តុះ ប ណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ផ្តល់ឱកាសដល់យុវជន យុវនារី ដែលបានសិក្សាតិចតួចនៅសាលាចំណេះដឹងទូទៅ ឱ្យមានឱកាសសិក្សារៀនសូត្រ ទាំងជំនាញ បច្ចេកទេស និងជំនាញរស់នៅប្រចាំថ្ងៃផងដែរ ជាពិសេសក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងអាចបន្តការ សិក្សាកម្រិតទី២ បន្តទៀតប្រសិនបើមានបំណងចង់សិក្សាបន្ត។ កម្មវិធីនេះជាចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលអាចនាំកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបន្ថែមថា ប្រជាពលរដ្ឋ៣៤០០០(បីមុឺនបួនពាន់នាក់)ក្នុងខេត្តស្វាយរៀង នឹងមានឱកាសបានចូលរៀននៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង «រៀនមានប្រាក់ខែ»។ ហេីយអ្វីដែលសំខាន់សម្រាប់បងប្អូនពុកម៉ែគឺថា តំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រសហគ្រាសរាប់រយកំពុងត្រូវការបងប្អូនកូនក្មួយយេីងចូលធ្វើការតាមចំណេះជំនាញដោយទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង។