រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម ម៉ែន អេង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស

  • 200
  • ដោយ Admin

នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ស្ថិតនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកនាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខាតថាយអឺរ លោកអគ្គនាយកធនធានមនុស្សប្រចាំសាលាអាស៊ីអាគ្នេយ៍ ក្រុមហ៊ុនខាតថាយអឺរ អ្នកគ្រប់គ្រងការងារធនធានមនុស្ស ក្រុមហ៊ុន ខាតថាយអឺ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ទៀត។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ខាតថាយអឺ ដែលបានសហការជាមួយវិទ្យាស្ថាន គ្រប់ជ្រុងជ្រោយដោយបានផ្តល់នូវការចុះកម្មសិក្សាការងារចំពោះសិស្ស និស្សិត ការពង្រឹងសមត្ថភាពគ្របច្ចេកទេស ការបណ្តុះបណ្តាលកម្មករ និយោជិត ដោយមានការចូលរួមពីភាគីទាំងពីរ ការផ្តល់ អាហារូបករណ៍សម្រាប់និស្សិតវិទ្យាស្ថាន សម្រាប់កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ឯកឧត្តមអភិបាលរងខេត្តបានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាគន្លឹះសំខាន់បំផុត ដែលអាចបង្កើនផលិតភាព ការងារ បំពេញក្តីស្រមៃរបស់អ្នកវិនិយោគ និងបង្កើនប្រាក់កម្រៃសម្រាប់និយោជិក កម្មករផងដែរ។ ទន្ទឹមនេះកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ផ្តល់ឱកាសដល់យុវជន យុវនារី ដែលបានសិក្សាតិចតួចនៅសាលាចំណេះដឹងទូទៅ ឱ្យមានឱកាសសិក្សារៀនសូត្រ ទាំងជំនាញ បច្ចេកទេស និងជំនាញរស់នៅប្រចាំថ្ងៃផងដែរ ជាពិសេសក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងអាចបន្តការ សិក្សាកម្រិតទី២ បន្តទៀតប្រសិនបើមានបំណងចង់សិក្សាបន្ត ហើយកម្មវិធីនេះជាចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលអាចនាំកម្ពុជាពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

អត្ថបទទាក់ទង