នារសៀលថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំជាមួយឯកឧត្តម ឈៀង ពេជ្រអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារកម្មក្រសួងសាធារណការ និងដឹកជញ្ជូន ដេីម្បីពិភាក្សាពិគ្រោះយោបល់លេីការរៀបចំគម្រោងអភិវឌ្ឍន៍មណ្ឌលភស្តុភារកម្មនៅក្រុងបាវិត ខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអភិបាលរងខេត្ត តំណាងក្រុមហ៊ុនវិនិយោគ លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាល អភិបាលរងក្រុងបាវិត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕