រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន​ អេង អញ្ជើញចូលរួមក្នុងសិក្ខាសាលាចែករំលែកព័ត៌មាន និងបែបបទនានា ស្តីពីការផ្តល់អាហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី

  • 230
  • ដោយ Admin

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្វាយរៀង និងក្រុមការងារកម្មវិធីអាហារូបករណ៍ Australia Awards បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយចែករំលែកព័ត៌មាន និងបែបបទនានា ស្តីពីការផ្តល់អាហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍ ដល់មន្ត្រីរាជការសាលាខេត្ត មន្ទីរ អង្គភាព​ និងសិស្សនិសិ្សត ក្នុងខេត្ត ក្រោមអធិបតីភាពឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងលោក Pieter Bossink នាយករង​ Australia Awards។

សិក្ខាសាលានេះ​ មានការចូលរួមពីសំណាក់លោក លោកស្រី តំណាងមន្ទីរ-អង្គភាពនានា​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ មន្ត្រីរាជការ​ សិស្ស និសិ្សត មកពីគ្រប់គ្រឹះស្ថានសិក្សា​ សាស្ត្រាចារ្យ​ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀង ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្ត​បានថ្លែងអំណរគុណ ចំពោះកម្មវិធីអាហារូបករណ៍របស់ Australia Awards ដែលបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង​ និងក្នុងរៀបចំសិក្ខាសាលានៅពេលនេះ ដែលបានបញ្ជាក់ឲ្យឃេីញ​ពីចំណងមិត្តភាពកម្ពុជា-អូស្ត្រាលី​ ក្រោមការយកចិត្តទុកដាក់​របស់រាជរដ្ឋាភិបាលកម្ពុជា​ ដែលឆន្ទះយ៉ាងមោះមុត ចំពោះកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងលើកការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន​ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបន្តថា សិក្ខាសាលាថ្ងៃនេះ​ បានផ្តោតទៅលើការពង្រឹងសមត្ថភាពក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កសិកម្ម សុខាភិបាល ការគ្រប់គ្រង ការអប់រំ ពាណិជ្ជកម្ម និងវិស័យផ្សេងៗ ឲ្យកាន់តែប្រសើរឡើង តាមរយៈការបណ្តុះភាពជាអ្នកដឹកនាំ ជំនាញសំខាន់ៗ ដែលសង្គមកម្ពុជាត្រូវការ។ ដោយឡែក ចំពោះមន្ត្រីរាជការ សិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាពីប្រទេសអូស្ត្រាលី តាមរយៈការទទួលអាហារូបករណ៍នេះ បាននាំមកនូវគំនិត ចំណេះដឹងនិងមានសមត្ថភាពដេីម្បីចូលរួមចំណែកអភិឌ្ឍន៍ប្រទេសកម្ពុជាយេីង។

ឯកឧត្តមបន្ថែមថា សិក្ខាសាលានេះ បើកចំហរ និងផ្តល់ឱកាសដល់មន្ត្រីរាជការ បុគ្គលិក អង្គការឯកជន សិស្សនិសិ្សត នៅក្នុងខេត្ត ដែលមានបំណង ដាក់ពាក្យយកអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី ជាពិសេសបេក្ខជន​ជាស្ត្រី មកពីបណ្តាខេត្ត និងជនពិការភាព ត្រូវលើកទឹកចិត្តយ៉ាងខ្លាំង ក្នុងការដាក់ពាក្យយកអាហារូបករណ៍ Australia Awards នេះ។ ក្នុងនោះដែរ កម្មវិធីនេះ​ និងបានអត្ថប្រយោជន៍ពេលទៅសិក្សានៅប្រទេសអូស្ត្រាលី​ ដូច្នេះសូមឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ និងទទួលព័ត៌មានឲ្យបានពេញលេញពីវាគ្មិន។

ទន្ទឹមនឹងនេះដែរ លោក Pieter Bossink បានលើកឡើងអំពីប្រវត្តិ នៃការងារអប់រំ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី​ ព្រមទាំងបានផ្តល់អាហារូបករណ៍ ដល់និសិ្សតកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤មក​ ហេីយនិសិ្សតកម្ពុជា ដែលបានទៅសិក្សានៅប្រទេសអូស្ត្រាលី ក៏បានធ្វើការចែករំលែក និងពាំនាំយកនូវចំណេះដឹងនូវបទពិសោធន៍ ពីប្រទេសអីស្ត្រាលី យកមកអភិវឌ្ឍន៍លើគ្រប់វិស័យការងាររបស់ខ្លួនផងដែរ៕

អត្ថបទទាក់ទង