នាថ្ងៃពុធ ១២ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណ:អភិបាលខេត្តបានអញ្ចេីញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសបា្តហ៍ជាមួយភាគីពាក់ព័ន្ធ ស្ដីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធមួយចំនួន។
ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ចេីញចូលរួមពី: លោក សុខ សាគុន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង តំណាងរដ្ឋបាលក្រុង ស្រុកទាំង៨ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជា និងមន្ទីរដែលពាក់ព័ន្ធជាច្រេីនរូបទៀត សរុបចំនួន៤៧ ស្រី០៥នាក់។
ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការបោះឆ្នោតគឺជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យ ដែលប្រទេសកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវការបោះឆ្នោតយ៉ាងត្រឹមត្រូវ និងយុត្តិធម៍ មិនថាជាការបោះឆ្នោតសកល ឬជាការបោះឆ្នោតអសកលទេ ដំណើរការរៀបចំការបោះឆ្នោត ចាំបាច់ត្រូវបែងចែកជាដំណាក់កាលសំខាន់ៗចំនួន៤ គឺ៖
ទី១. ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត
ទី២. ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ
ទី៣. ដំណាក់កាលឃោសនាបោះឆ្នោត និង
ទី៤. ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។ ដូចដែលបងប្អូនបានឃេីញយ៉ាងច្បាស់ហេីយថា ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រក្នុងពេលថ្មីៗនេះ គឺប្រព្រឹត្តទៅយ៉ាងរលូន សេរីភាព យុត្តិធម៍ និងត្រឹមត្រូវ នេះសបញ្ជាក់បានថា ប្រទេសកម្ពុជារបស់យេីងគឺប្រកាន់ភ្ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់។