នារសៀលថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ប៉េង ពោធិ៍សាអភិបាលខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំដើម្បីរកដំណោះស្រាយបញ្ហាទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រស្រុករមាសហែកខេត្តស្វាយរៀង។
សមាសភាពអញ្ជើញចូលរួមនៅក្នុងឱកាសនោះផងដែររួមមាន លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត លោកអភិបាលស្រុករមាសហែក លោកមេបញ្ជាការរង លោកស្នងការរងកងកម្លាំងទាំងបីប្រភេទ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្តលោកមេធាវីតំណាងរដ្ឋបាលខេត្តព្រមទាំងមន្ត្រីដែលមានការពាក់ព័ន្ធនានាជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះផងដែរឯកឧត្តមអភិបាលរងខេត្តក៏បានធ្វើការជំរុញដល់មន្ត្រីគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់ត្រូវសិក្សាទៅលើទិដ្ឋភាពច្បាប់ដើម្បីអនុវត្តទៅកុំឲ្យខុសទៅនិងនីតិវិធី។ ម្យ៉ាងទៀតខាងទីចាត់ការអន្តរវិស័យត្រូវពន្លឿនរាល់ឯកសារដែលមានការពាក់ព័ន្ធផ្សេងៗរៀបចំផ្ញើជូនទៅថ្នាក់ជាតិដើម្បីសុំយោបល់ក្នុងការដោះស្រាយជាពិសេសគោរពផ្ញើជូនទៅខុទ្ទកាល័យរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគ្រប់ស្ថាប័នដែលមានការពាក់ព័ន្ធទាំងអស់រួមទាំងបងប្អូនក្រុមអ្នកសារព័ត៌មានផងដែរ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយនិងរួមគ្នាទទួលខុសត្រូវ។