នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធី សំណេះសំណាល ប្រគល់មេដាយ និងលិខិតថ្លែងអំណរគុណ ជូនដល់សប្បុរសជន ដែលបានចូលរួមចំណែកកសាងសមិទ្ធិផលនានា ក្នុងសាលាបឋមសិក្សាព្រៃធ្លក ស្ថិតនៅឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយក្នុងនោះ វិស័យអប់រំ ក៏មានការរីកចំរើន គួរឱ្យកត់សម្គាល់ផងដែរ ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត តូច ប៉ូលីវ៉ា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជននានា ជាពិសេសលោក អ៉ីស៉ីអិអាគីអុ សប្បុរជនជប៉ុន និងលោក តាត៊្សុកាវ៉ាហុណា តំណាងអង្គការ ជេ អេជ ភី(JHP)ដែលជានិច្ចកាលបានចូលរួមគាំទ្របន្តបន្ទាប់ នូវការជួសជុលកែលម្អឡើងវិញហេដ្ឋារចនាសម្ព័ន្ធ ដូចជា ដាក់ទ្វារបង្អួចកញ្ចក់ថ្មី បំពាក់ក្តាខៀនថ្មី ជួសជុលសួនច្បារ ផ្តល់កូនឈើ និងសម្ភារៈមួយចំនួនជាច្រើនទៀត ។
សកម្មភាពទាំងនេះបានសរបញ្ជាក់អោយឃើញពីការ រួមចំណែកជួយកសាង និងលើកកម្ពស់ក្នុងវិស័យអប់រំ ដើម្បីទុកជាប្រយោជន៍រួម ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាកូនចៅជំនាន់ក្រោយ សម្រាប់ប្រើប្រាស់បន្តទៅមុខទៀត ព្រមទាំងបានជំរុញលើកទឹកចិត្តមន្ត្រីគ្រប់រូប អោយខិតខំបំពេញការងារឱ្យអស់លទ្ធភាព និងតម្រង់ទិសវិស័យអប់រំនៅកម្ពុជាដើម្បីបង្កើតធនធានមនុស្សដ៏មានចំណេះដឹង និងជំនាញសមត្ថភាពពិតប្រាកដ ដើម្បីយកឧត្ដមភាពប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ថែមទាំងបានណែនាំប្អូនៗ ក្មួយៗ សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ប្រកបដោយគុណភាព ដើម្បីត្រៀមយកចំណេះដឹងចូលរួមចំណែកជួយអភិវឌ្ឍន៍សង្គមជាតិ ជៀសឆ្ងាយពីអំពើអបាយមុននានា និងចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា ។
ពិធីនេះមានការចូលរួមពី ៖ លោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ លោក លោកស្រី ប្រធានការិយាល័យនានាចំណុះឱ្យរដ្ឋបាលស្រុក តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ។
All reactions:4646