រដ្ឋបាលខេត្តស្វាយរៀង និងក្រុមការងារចុះពិនិត្យ និងជួបពិភាក្សាត្រួតពិនិត្យ ទីតាំងព្រៃឈើជាក់ស្តែងដែលប្រជាពលរដ្ឋចូលរុករានកាន់កាប់ និងអាស្រ័យផល លើដីស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើក្រសាំងង នៅស្រុករមាសហែក
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងក្រុមការងារចម្រុះ បានដឹកនាំកិច្ចប្រជុំជួបជាមួយតំណាងប្រជាពលរដ្ឋ ដើម្បីពិភាក្សាដោះស្រាយរួមអំពីការរុករានកាន់កាប់ និងអាស្រ័យផលលើដីស្ថានីយ៍ផ្សព្វផ្សាយនិងស្តារព្រៃឈើក្រសាំង។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោកអភិបាលរងស្រុករមាសហែក លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីរដែនដីនគរូបនីយ៍កម្មសំណង់និងសុរិយោដីខេត្តនិងលោក-លោកស្រីមេឃុំ, ក្រសាំង, ត្រស់, អណ្តូងត្របែក។
ឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍ឱ្យដឹងថា: កិច្ចការងាររបស់រដ្ឋបាលខេត្តស្វាយរៀង គឺជាអ្នកសម្របសម្រួល ពីព្រោះថារឿងដីនេះវាពាក់ព័ន្ធទៅនឹងក្រសួងកសិកម្ម ដែលមានតំណាងដោយក្រសួងកសិកម្ម ជាអ្នកចូលមកដើម្បីត្រួតពិនិត្យហើយនិងព្យាយាមដោះស្រាយឱ្យបងប្អូន។
ឯកឧត្តមអភិបាលរង ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវទុកចិត្តលើរដ្ឋបាលខេត្ត ក្នុងការដោះស្រាយនូវបញ្ហាផ្សេងៗ ដូច្នេះហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកិច្ចការអ្វីនោះត្រូវធ្វើសំណុំលិខិតក៏ដូចជាសំណើទៅតាមភូមិឃុំស្រុកក៏ដូចជារដ្ឋបាលខេត្តស្វាយរៀង ដើម្បីដោះស្រាយទៅតាមនីតិវិធីច្បាប់មិនត្រូវធ្វើរំលងរដ្ឋបាលខេត្តនោះឡើយពីព្រោះថាការដោះស្រាយគឺថ្នាក់ក្រោមជាអ្នករៀបចំសំណុំឯកសារទៅតាមផ្លូវច្បាប់។
នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ការដាំឈើដែលមានល្បឿនលឿនដោយដាំវិលជុំ។ ដូច្នេះប្រជាពលរដ្ឋត្រូវធ្វើតាមច្បាប់ បើខុសច្បាប់និងទទួលទោសទណ្ឌជាប់ពន្ធនាគារពី១ឆ្នាំ ទៅ៥ឆ្នាំ។
សូមបញ្ជាក់ផងដែរថា:នៅក្នុងឱកាសនោះដែរក្រុមការងារចម្រុះក៏បានអញ្ជើញចុះទៅត្រួតពិនិត្យទីតាំងដីស្ថិតនៅក្នុង ឃុំត្រស់ ឃុំអណ្តូងត្របែក និងឃុំក្រសាំង ស្រុករមាសហែក ដែលត្រូវបានជនមិនស្គាល់មុខយកកូនឈើទៅដាំក្នុងបំណងរំលោភយកដីរដ្ឋផងដែរ៕
ដោយ:ភក្ដី