នៅថ្ងៃចន្ទទី០៧ ខែសីហា ឆ្នាំ២០២៣នេះ លោកជំទាវ យក់ ស៊ីណាត អភិបាលលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត លោកជំទាវ ហ៊ូ និមិត្តា អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្នានសមភាពយេនឌរ័ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនឹងជាប្រធានសម្របសម្រូលអង្គភាពគាំទ្រការអនុវត្តគម្រោងនៃក្រសួងកិច្ចការនារី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការលើកកម្ពស់យេនឌ័រ បរិយាប័ន្ននិងសមធម៌សង្គម ស្ថិតនៅមន្ទីរកិច្ចការនារីខេត្តស្វាយរៀង។
មានប្រសាសន៍ទៅកាន់ពិធីនេះ លោកជំទាវអភិបាលរងខេត្តបានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានលោក លោកស្រី ជាសិក្ខាកាម និងសូមថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះនាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី ដែលបានសហការជាមួយមន្ទីរកិច្ចការនារីខេត្តស្វាយរៀង រៀបចំវគ្គបណ្តុះ បណ្តាលស្តីពី «ការលើកកម្ពស់យេនឌ័រ បរិយាប័ន្ន និងសមធម៌សង្គម» ដល់មន្ត្រីថ្នាក់ក្រសួង មន្ទីរកិច្ចការនារី ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ នៅពេលនេះ។
លោកជំទាវបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយការទទួលខុសត្រូវ និងភាពជាម្ចាស់អនុវត្តន៍នូវគោលនយោបាយ កម្មវិធីការអភិវឌ្ឍន៍ជាតិនានាស្របតាមក្របខណ្ឌកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនៅថ្នាក់ក្រោមជាតិ។
សូមជម្រាបជូនថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីអភិវឌ្ឍន៍សមត្ថភាពដល់មន្ត្រីក្រសួង មន្ទីរកិច្ចការនារី ការិយាល័យកិច្ចការនារី ក្រុង ស្រុក ខណ្ឌ និងសមាជិកា ក្រុមប្រឹក្សា ឃុំ សង្កាត់ នូវចំណេះដឹងការបញ្ជ្រាបយេនឌ័រ បរិយាប័ន និងសមធម៌សង្គម ទៅក្នុងដំណើរការផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ឃុំ សង្កាត់ (CIP) និងសមាហរណកម្មផែនការ ឃុំ សង្កាត់ថ្នាក់ស្រុក (DIW) ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី។