នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងពិធីម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ
អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៥ រួមមាន÷
១.ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយតឿ
២. ប៉ុស្តិ៍នគរបាលរដ្ឋបាល ពោធិ៍តាហោ
៣. ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ឃ័រ
៤. ប៉ុស្តិ៍នគរបាលរដ្ឋបាល ខ្សែត្រ និង
៥.ប៉ុស្តិ៍នគរបាលជ្រុងពពេល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង បានរាយការណ៍អំពីវឌ្ឍនៈភាព និងលទ្ធផលការងារ ក្នុងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព កន្លងមកទទួលបាននូវលទ្ធផលល្អគួរជាទីមោទនៈ ។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសហ្គហបណ្ឌិត បានជម្រុញឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមពង្រឹង និងអនុវត្តឲ្យបាននូវលក្ខណៈសម្បត្តិទាំង ៧ចំណុច របស់គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព។
សម្តេចម៉ែន សំអន បានបញ្ជាក់ថា អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ត្រូវ ការពារឲ្យបាននូវសន្តិសុខ និងត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ថ្ងៃនេះ ដែលសម្តេចតេជោ បានបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា ជាពិសេស នៅភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ជាប់ព្រំប្រទល់វៀតណាម ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមបន្ទាត់ព្រំដែន ។
បន្ថែមលើសពីនេះសម្តេចកិត្តិសង្គហបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទាំងអស់គ្នា ដើម្បីធានានូវសុខសន្តិភាព និងធានានូវការអភិវឌ្ឍន៍ ។ សូមបញ្ជាក់ជូនថា សម្រាប់ថវិកាចំណាយក្នុងការសាងសង់ស្នាក់ការប៉ុស្តិ៍ទាំង៥ មានចំនួន ១០៤,១៨៣ ដុល្លា អាមេរិក បូករួមទាំងការធ្វើរបង ផងដែរ។