រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ឯកឧត្តម​ ម៉ែន អេង បានអញ្ជើញជាអធិបតីនៅក្នុងពិធីទិវាជាតិ​ អប់របណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ:TVET DAY

  • 212
  • ដោយ Admin

នៅព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ឯកឧត្តម​ ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង​ តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត​បានអញ្ជើញជាអធិបតីនៅក្នុងពិធីទិវាជាតិ​ អប់របណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ:TVET DAYក្រោមប្រធានបទ

«TVET ផ្តល់ជំនាញនិងការងារសមរម្យ» ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាប្រធាន.អនុប្រធានមន្ទីរនានានៅជុំវិញខេត្ត.តំណាងក្រុមហ៊ុន រោងចក្រសហគ្រាសនានា សិស្សនិស្សិត យុវជន សសយក សិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៧៧៥នាក់។

លោក មុត ចិន្តា នាយក

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានឲ្យដឹងថា:វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានដំឡើងកម្រិត និងប្រែក្លាយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ដោយមានការិយាល័យចំនួន ០៥ និងដេប៉ាតឺម៉ង់ចំនួន ០៦។ ដោយឡែកសិស្ស និស្សិត កំពុងសិក្សា ឆ្នាំសិក្សា២០២២-២៣៖ (តាមកម្រិត និងជំនាញ) សរុបចំនួន ១១២៩នាក់ ស្រីចំនួន ៣១៥នាក់ កម្រិតបរិញ្ញាបត្រ សរុបចំនួន ១៩៦នាក់ ស្រីចំនួន ៣៦នាក់។ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស បរិញ្ញាបត្ររង ៦៣៩នាក់ ស្រីចំនួន ១៧៥នាក់។ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១-៣ ចំនួន ២៤០នាក់ ស្រីចំនួន ១០៤នាក់។

ឯកឧត្តម​អភិបាលរងខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃមន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្ត និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលបានរៀបចំទិវាជាតិដ៏មានសារៈសំខាន់នេះឡើង។

លោកបានមានប្រសាសន៍បន្ថែមទៀតថា: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រូវទទួលរ៉ាប់រងការងារធំៗក្នុងដំណាក់កាលបរិវត្តន៍ បច្ចេកវិទ្យា ក៍ដូចជាបដិវត្តឧស្សាហកម្មជំនាន់ទី៤ (IR4.0) ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល ផលិតភាពការងាររបស់កម្មករ និយោជិត នៅក្នុងតំបន់ជាពិសេសក្នុងខេត្តស្វាយរៀងរបស់យើងត្រូវបានអ្នកបណ្តាក់ទុន អ្នកវិនិយោគធំៗកំពុងតែបង្កើននូវរោងចក្រ សហគ្រាសជាច្រើន ដែលអាចមានលទ្ធភាពទទួលយកកម្មករ ឱ្យចូលបម្រើការងារ ប៉ុន្តែអ្វីដែលសំខាន់គឺប្រជាពលរដ្ឋភាគច្រើនពុំមានជំនាញ ខ្វះបំនិនជីវិត ដើម្បីឈោងចាប់យកការងារដែលទទួលបានប្រាក់កម្រៃខ្ពស់ ស្របតាមទីផ្សារការងារ។

ឯកឧត្តមបន្តថា​ បញ្ហាទាំងអស់នេះ មានការពាក់ព័ន្ធដោយផ្ទាល់ ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ ។ ទន្ទឹមនេះឯកឧត្តមបានធ្វើការជម្រុញក៏ដល់ លោក លោកស្រី អ្នកពាក់ព័ន្ធ ទាំងអស់សូមចូលរួមសហការជាមួយវិទ្យាស្ថានក្នុងកំណត់មុខជំនាញសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីឱ្យស្របតាម ស្ថានភាពទីផ្សារការងារបច្ចុប្បន្ន និងចូលរួមសហការក្នុងផ្តល់ទីកន្លែងសម្រាប់ឱ្យសិក្ខាកាម សិស្ស-និស្សិត ក្នុងការចុះកម្មសិក្សា ក៏ដូចជាទទួលសិក្ខាកាម សិស្ស-និស្សិត ឱ្យចូលបម្រើការងារនៅពេលបញ្ចប់ការសិក្សា ៕

អត្ថបទទាក់ទង