នាព្រឹកថ្ងៃពុធ ១៤រោច ខែចេត្រ ឆ្នាំខាល បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តសស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់អគាររដ្ឋបាល និងអគារស្នាក់នៅរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ដែលមានការអញ្ជេីញចូលរួមពីឯកឧត្ដមមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូអមដំណើរ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជការកងកម្លាំងទាំងបី លោកប្រធានមន្ទីរនានាជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំង និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាងសមិទ្ធផលនានាក្នុងខេត្តស្វាយរៀង រួមទាំងហេដ្ឋារចនាសម្ព័ន្ធកងរាជអាវុធហត្ថនៅក្នុងខេត្តជាបន្តបន្ទាប់ ដែលសរបញ្ជាក់ឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់បំផុតក្នុងការគាំទ្រ និងលើកទឹកចិត្ត ជម្រុញដល់កងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានឲ្យកាន់តែខិតខំប្រតិបត្តិការរក្សាសន្តិសុខសុវត្ថិភាព និងមានកន្លែងធ្វេីការសមរម្យ ដេីម្បីបំរេីសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ។
ឯកឧត្តមបន្តថា សមិទ្ធផលនៅថ្ងៃនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធផ្នែករឹងថ្មីមួយទៀត នៅក្នុងវិស័យសន្តិសុខ ក៏ដូចជានៅក្នុងវិស័យរដ្ឋបាលមូលដ្ឋានរបស់យើង បន្ថែមពីលើសមិទ្ធផលផ្សេងៗ ដែលយើងបានខិតខំកសាង ក្នុងគោលដៅបម្រើឲ្យផលប្រយោជន៍ និងសេចក្ដីត្រូវការនូវមូលដ្ឋាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វេីឲ្យប្រទេសជាតិយេីងមានការអភិវឌ្ឍនិងរីកចម្រេីនទៅមុខជានិច្ច។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងប្រាប់ដល់កងកម្លាំងទាំងអស់នៅក្នុងខេត្តស្វាយរៀង ត្រូវរួមគ្នារក្សាសុខសន្តិភាព ពង្រឹងសន្តិសុខនៅតាមបន្ទាត់ព្រំដែន ឈរលើមូលដ្ឋាន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាបានសន្តិសុខជាតិកាន់តែល្អប្រសើរ និងថ្លែងការកោតសរសើរដល់កងរាជអាវុធហត្ថខេត្តស្វាយរៀងដែលបានបំពេញភារកិច្ច និងតួនាទីបានល្អប្រសើរឈរលើការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវជាពិសេសបានកសាងអាគារទីបញ្ជាការមូលដ្ឋាននៅតាមបណ្ដាស្រុក ក្រុង មានកន្លែងធ្វើការសមរម្យដែលបានផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋក្នុងការពឹងពាក់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថចុះអន្តរាគមន៍ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសផ្សេងៗផងដែរ។
ឯកឧត្តមបន្តថា គ្មានការលំបាកណាដែលយើងមិនអាចធ្វើបាននោះទេ ព្រោះពួកយើងបានឆ្លងកាត់ នូវបទពិសោធន៍ និងការដឹកនាំបានល្អគ្រប់ថ្នាក់ ជាពិសេសយើងមានមគ្គុទេសក៍ដ៏ឆ្នើមគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិនិងប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ៕