នៅថ្ងៃចន្ទ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឯក សុវណ្ណភារ: អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណ:កម្មាធិការប្រយុទ្ធប្រឆំាងអំពើជួញដូរមនុស្ស តំណាង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពេីជួញដូរមនុស្សបានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សប្រចាំឆ្នាំ២០២២ និងទិសដៅបន្ត ឆ្នាំ២០២៣ របស់ គ.ខ.ប.ជ។
អញ្ជេីញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកព្រះរាជអាជ្ញារង លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាព លោក លោកស្រីអភិបាលរងក្រុង-ស្រុក សមាជិកក្រុមការងារទាំង៦ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុបវត្តមមាន៥៧នាក់ ស្រី២៦ នាក់ ។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវអភិបាលរងខេត្តបានថ្លែងថា កិច្ចប្រជុំនាព្រឹកនេះជាសមិទ្ធផលមួយដែលស្តែងឱ្យឃើញពីការយកចិត្តទុកដាក់អនុវត្តការងារប្រឆាំងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងការរំលោភបំពានគ្រប់រូបភាពទៅលើមនុស្សទាំងក្មេង ចាស់ បុរស ស្រ្តី និងកុមារ។
លោកជំទាវបន្តថា ក្នុងនាមឯកឧត្តមអភិបាលខេត្ត សូមថ្លែងនូវការកោតសសើចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់មន្ទីរ ស្ថាប័ន ស្ថាប័នអយ្យការ តុលាការ កងកម្លាំងគ្រប់ប្រភេទ ទាំងនៅតាមបណ្តាក្រុង ស្រុក ក៏ដូចជា អង្គការដៃគូ ដែលតែងតែប្រឹងប្រែងរួមគ្នាជម្នះដោះស្រាយបញ្ហាចំពោះមុខដោយមិនខ្លាចនឿយហត់ ក្នុងនោះបានពុះពារប្រឆាំងនិងសកម្មភាពរបស់ឩក្រិតជន ស្របទៅតាមទិសដៅ នៃគោលនយោបាយជាតិ និងការផ្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល។ ជាការពិតណាស់ ប្រសិនបើមិនមានការប្រឹងប្រែងនោះទេ អំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ច រំលោភបំពាន និងកាន់តែសកម្ម កាន់តែឃោឃៅ និងរីករាលដាលដែលធ្វើឱ្យស្ថានភាពរឹតតែអាក្រក់ជាងនេះទៅទៀត។