ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងតំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តនិងលោក ហម សារ៉ាវុធ អនុប្រធានរដ្ឋបាលព្រៃឈើនៅរសៀលថ្ងៃទី ៩ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាដោះស្រាយការរុករានកាន់កាប់ និងអាស្រ័យផលលើដីស្ថានីយផ្សព្វផ្សាយនិងស្តារព្រៃឈើក្រសាំងស្ថិតនៅសាលាឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់លោក ខៀវ តុលា ជាមេធាវីប្រចាំរដ្ឋបាលខេត្ត លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត�លោកលោកស្រីអភិបាលរងស្រុក�ក្រុមការងាររដ្ឋបាលព្រៃឈើក្រសួងកសិកម្មនិងក្រុមការងារមន្ទីរកសិកម្មខេត្ត អស់លោកលោកស្រី ក្រុមការងារថ្នាក់ស្រុក ឃុំត្រស់ និងអណ្តូងត្របែកផងដែរ។
តាមការចុះពិនិត្យលើសំណុំរឿងនេះជាញឹកញាប់អាជ្ញាធររកឃើញមូលហេតុដែល នាំ ឱ្យ ប្រជាពលរដ្ឋនៅភូមិត្រពាំងស្មាច់ ឃុំអណ្ដូងត្របែក ភូមិបុស្ស ឃុំត្រស់បាននាំគ្នាទៅកាប់ឆ្ការដាំដុះដំឡូងកៅស៊ូចាប់យកដីចម្ការព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅឃុំត្រស់ ឃុំអណ្ដូងត្របែកបែបអាណាធិបតេយ្យនេះគឺបណ្តាលមកពីប្រជាពលរដ្ឋជឿលើការញុះញង់របស់មេខ្យល់ដែលលើកយករឿងចាស់របស់ប្រជាពលរដ្ឋ ៧៨គ្រួសារពាក់ព័ន្ធទៅនឹង�ដី ៤៧៦ ហិកតាដែលបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលក្នុងឆ្នាំ ២០១១ ។ ប៉ុន្តែដីជាក់ស្ដែងមានតែ ១១៧ ហិកតាតែប៉ុណ្ណោះ។
តាមបទបញ្ជា(០១បប)បានឆ្វៀលចេញរួចហើយ ក្រុមនិស្សិតស្ម័គ្រចិត្តក៏បានចុះវាស់វែងនិងបានចេញប័ណ្ណកម្មសិទ្ធិរួចហើយដែរគឺ ៧៨ គ្រួសារបានទទួលដីក្នុងមួយគ្រួសារ១ហិកតាកន្លះស្មើនិង១១៧ហិកតា។ ចំពោះដីដែលនៅសល់គឺប៉ះចំដីចម្ការឈើដាំក្នុងឆ្នាំ ២០០៥. ២០០៦. ២០១៩ .២០១១ និងនៅមានប៉ះពាល់ដីស្នើសុំជាសហគមន៍ក្រសាំងហើយក្នុងនោះដីនេះក៏ត្រូវតំណាងប្រជាពលរដ្ឋបានលក់ទៅឲ្យឈ្មោះ សោម គង់ មានទីលំនៅ នៅភ្នំពេញអស់១០០ហិកតារួចហើយផងដែរ។ ផ្ទៃដីដែលត្រូវបែងចែកជូនប្រជាពលរដ្ឋ ៧៨ គ្រួសារគឺចែកតែដីនៅសល់ក្រៅពីទំនាស់តែប៉ុណ្ណោះ។ចំណែកឯទំហំដី ១៦៣ ហិកតារដ្ឋាភិបាលស្នើសុំអនុបយោគឱ្យទៅជាដីសម្បទានសង្គមកិច្ចសាងសង់ផ្ទះជូននិវត្តន៍ជនពលីនិងគ្រួសារកងទ័ពអស់ហើយ។ បច្ចុប្បន្នមិនមានដីសម្រាប់ប្រគល់ជូនពួកគាត់បានទៀតទេ។
នៅរសៀលថ្ងៃដដែលនេះដែរក្រុមការងារទាំងមូលក៏បានបញ្ជាក់ប្រាប់តំណាងប្រជាពលរដ្ឋ ទាំង៧៨គ្រួសារឱ្យបញ្ឈប់ការទាមទារ និងចូលរុករានទន្ទ្រានដីសាធារណ:របស់រដ្ឋទៀត។ពួកគាត់ក៏បានស្ដាប់ការបញ្ជាក់និងយល់ព្រមបញ្ឈប់សកម្មភាពខុសច្បាប់ចាប់ពីពេលនេះតទៅ៕