រដ្ឋបាលខេត្តស្វាយរៀង

Svayrieng Administration
ស្វែងរក

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

  • 4.8ពាន់
  • ដោយ Admin

១.ស្ថានភាពទូទៅៈ

          រដ្ឋបាលខេត្តស្វាយរៀងចែកចេញជា ២ក្រុង ៦ស្រុក ១២សង្កាត់ ៦៨ឃុំ  និង៦៩០ភូមិ ។ មានផ្ទៃដីសរុប ២.៩៦៦,៤០គីឡូម៉ែតក្រឡា។  ប្រជាជនសរុបមានចំនួន ១៦៣.៩៤០គ្រួសារ មនុស្សសរុបមានចំនួន ៦៨២.៩៤១នាក់ ក្នុងនោះប្រុសមានចំនួន ៣៣១.៣៨០នាក់  ស្រីមានចំនួន ៣៥១.៥៦១នាក់ អត្រាកំណើនប្រជាជនប្រចាំឆ្នាំ១,៧៣%  អត្រានៃគ្រួសារក្រីក្រតំបន់ជនបទ​ នៅ​ត្រឹម ​១៣,៣% និងតំបន់ប្រជុំជន ៥% ។

          ខេត្តស្វាយរៀង មានព្រំប្រទល់ជាប់ជាមួយ សាធារណរដ្ឋសង្គមនិយមវៀតណាម គឺខេត្តឡុងអាន និងខេត្តតៃនិញ មានប្រវែង ២៥៨គីឡូម៉ែត មានច្រកទ្វារព្រំដែនចំនួន ៨កន្លែង រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ច្រកទ្វារព្រំដែនទ្វេភាគីសំរោង ច្រកទ្វារព្រំដែនទ្វេភាគីបុសមន ច្រកទ្វារតំបន់ព្រំដែនស្រែបារាំង ច្រកទ្វារតំបន់ព្រំដែនព្រៃតាអី ច្រកទ្វារតំបន់ព្រំដែនដូង និងច្រកទ្វារតំបន់ព្រំដែនខ្សែដែក​ ដើម្បីសម្រួលដល់ការធ្វើដំណើរចេញ​ចូល និងការចរាចរណ៍ទំនិញ និងកសិផលផ្សេងៗរបស់ប្រជាពល​រដ្ឋដែលរស់នៅតាមតំបន់ព្រំដែន ។

២.សមិទ្ធផលនានារបស់រដ្ឋបាលខេត្តៈ

          អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំប្រកប ដោយគតិបណ្ឌិត និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារ ស្របតាម តួនាទី ភារកិច្ច របស់ខ្លួន សំដៅជំរុញកសាង និងអភិវឌ្ឍន៍ខេត្ត ធ្វើឲ្យខេត្ត​ស្វាយរៀង​មាន​ការ​រីកចម្រើនគ្រប់វិស័យ ។ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានធ្វើឲ្យសភាព​ការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈនៅទូទាំង​ខេត្ត​មាន​លក្ខណៈល្អប្រសើរ ធានាដល់ការរស់​នៅ​របស់​ប្រជាពលរដ្ឋប្រកប​ដោយ សេចក្តី​សុខ​សាន្ត ។

          ក្នុងឆ្នាំទី៥ អាណត្តិទី២ និងឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈផែនការអនុវត្ត ៣ឆ្នាំ (ផអ៣) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល ១០ឆ្នាំ(២០១០-២០១៩) រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ និង​ជំរុញការអនុវត្តកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ជាកំណែទម្រង់ផ្នែកអភិបាលកិច្ចដ៏មានសារៈសំខាន់ របស់រាជរដ្ឋាភិបាល កំណែទម្រង់រដ្ឋបាលសាធារណៈ ​ការប្រយុទ្ធប្រឆាំងអំពើពុករលួយ កំណែទម្រង់ហិរញ្ញវត្ថុ ការគ្រប់គ្រង និងអភិវឌ្ឍ ធនធានមនុស្ស ការផ្តល់សេវាសាធារណៈ និងការអភិរឌ្ឍមូលដ្ឋាន ដោយផ្អែកលើច្បាប់​ស្តីពី ការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅ​លើក​​កម្ពស់​​គុណភាព ប្រសិទ្ធភាពការងារ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ឲ្យ​កាន់​តែល្អ​ប្រសើរ​ឡើង។

          តាមរយៈថវិកាគុណប្រយោជន៍ខេត្តក្នុងឆ្នាំ២០១៨ និងរយៈពេល៩ខែ ឆ្នាំ២០១៩ រដ្ឋបាល​ខេត្ត​​បាន និងកំពុងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជា​ប្រយោជន៍សាធារណៈ​ក្នុង​ខេត្តដូចជា៖ ការ កសាង និងជួសជុលផ្លូវថ្នល់ ស្ពាន លូ ទំនប់(ច្រាំងទន្លេ)ការពារទឹកជំនន់ បង្គោលភ្លើង​សាធារណៈ សួនច្បារ រៀបចំកែលម្អសោភណភាពក្រុងស្រុក ​ជួសជុលកែលម្អអាគារ ក្រុងស្រុក និងសាលាឃុំ សង្កាត់ ។ ក្នុងឆ្នាំ២០១៨ និង២០១៩នេះ ក្រុង ស្រុ​ក ក៏មានកញ្ចប់ថវិកាផ្ទាល់​ក្នុងការអភិវឌ្ឍ​មូលដ្ឋានតាមតម្រូវការ ចាំបាច់របស់​ប្រជាពលរដ្ឋ​ផង​ដែ​រ ។ ចំពោះឃុំ  សង្កាត់វិញ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩នេះ ឃុំ សង្កាត់ បាននិងកំពុងអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធជនបទចំនួន​ ៩៨គម្រោង តាមរយៈមូលនិធិឃុំ សង្កាត់ ។

          តាមរយៈការងារកំណែទម្រង់នេះ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ខេត្តទទួលបាននូវការផ្ទេរ មុខងារ និងការធ្វើប្រតិភូកម្មមុខងារ និងធនធានមួយចំនួន ជាពិសេសទទួលបាននូវមូលនិធិ សម្រាប់ការ អភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងតាមរយៈការងារដ៏មានសារៈសំខាន់ នេះ រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតអង្គភាព និងការិយាល័យច្រកចេញចូលតែមួយចំនួនបួន គឺអង្គភាព​ច្រកចេញចូលតែមួយសាលាខេត្ត ការិយាល័យច្រកចេញចូលតែមួយក្រុងបាវិត ការិយាល័យ​ច្រក​ចេញចូលតែមួយក្រុងស្វាយរៀង និងការិយាល័យច្រកចេញចូលតែមួយស្រុកស្វាយជ្រំ និងមាន​ផែនការ​ពង្រីកនៅតាមសាលាស្រុកដែលពុំទាន់មាន ការិយាល័យច្រកចេញចូលតែមួយ ដើម្បីធ្វើជា​កន្លែង​ប្រមូលផ្តុំផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយ តាមនីតិវិធីសាមញ្ញ ប្រកយដោយគុណភាព ប្រសិទ្ធិភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា ។

          -វិស័យកសិកម្ម  គិតត្រឹមខែមិថុនា ឆ្នាំ២០២៤បានភ្ជួរដាស់ស្រែលើផ្ទៃដីសរុប ១៣០.៦៧០ហិកតា ស្មើនឹង ៧៨,០១ភាគរយ នៃផែនការ ១៦៧.៥០០ហិកតា បានព្រោះ ស្ទូង លើផ្ទៃដីសរុប ១០៤.៩១២ហិកតា ស្មើនឹង ៦២,៦៣ភាគរយ នៃផែនការ ១៦៧.៥០០ហិកតា និងបានដាំដំណាំរួមផ្សំ និងដំណាំកសិ-ឧស្សាហកម្មរដូវវស្សាលើផ្ទៃដីសរុប ៦.៩០៧ហិកតា ស្មើនឹង ៣៣,៥៣ភាគរយ នៃផែនការសរុប ២០.៦០០ហិកតា។ ដំណាំស្រូវប៉ះពាល់ដោយសារសត្វល្អិត (ដង្កូវហ្វូង ដង្កូវមូរស្លឹក និងរុយស) លើផ្ទៃដីសរុប ៨.២០៣ហិកតា ស្មើនឹង ១១.៩៩៩គ្រួសារ មានៅ៣៧ឃុំ ២៤៨ភូមិ សង្គ្រោះបាន ៦.៦៣៤ហិកតា ខូចខាត ៧៩៤ហិកតា និងបានស្ដារឡើងវិញ ៤២៦ហិកតា។

-ការងារសាងសង់ប្រព័ន្ធធារាសាស្រ្តៈក្នុងខេត្តមាន ប្រព័ន្ធធារាសាស្រ្តនៅទូទាំងខេត្តមានចំនួន ៣៥ប្រព័ន្ធ។

ទំនប់អាងទឹកមាន ១៩ខ្សែ ស្ថានីយ៍បូមទឹកធំៗចំនួន ០៤កន្លែង ប្រឡាយមេមាន ២៨ខ្សែ ប្រវែង ៥២១.២៥០ម៉េត្រ ប្រឡាយរងមានចំនួន ២៧ខ្សែ ប្រវែង ១០៣.៧៧៥ម៉េត្រ ប្រឡាយជើងក្អែបមានប្រវែង ៧៨១.១០៨ម៉ែត្រ ។អាងស្តុកទឹក បរិមាណចំណុះអាចស្តុកទឹកបានចំនួន ៨៩,៣០លានម៉ែត្រគូប អាចស្រោចស្រពផ្ទៃដីសរុបចំនួ ៨៨.៧៨៥ហិកតា ក្នុងនោះស្រូវប្រាំង ២១.២០៦ហិកតា និងស្រូវវស្សា ចំនួន ៦៧.៥៧៩ ហិកតា ។

​-ការងារសាធារណការៈ​ ក្នុងខេត្តមាន ផ្លូវជាតិកម្រិតមួយលេខមានចំនួន ០១ខ្សែ ប្រវែង ៦៤,៨៤១គម ទទឹង ១០ម ក្រាលបេតុងកៅស៊ូ (AC) ផ្លូវជាតិកម្រិតពីរលេខ​មានចំនួន ០២ខ្សែ ប្រវែង ៨១,១៦៥ គម ទទឹង​ ១០ម ក្រាលកៅស៊ូពីរជាន់ (DBST) ផ្លូវខេត្តមានចំនួន​ ៦០ខ្សែ ប្រវែងសរុបចំនួន ៧៣៦,១១៣ គម ផ្លូវក្រាលបេតុងមានប្រវែង ១៨,៩៥២ គម ផ្លូវក្រាលបេតុងកៅស៊ូមានប្រវែង ១,៨០ គម ផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៣១៣,៩០៣ គម ផ្លូវក្រាលដីល្បាយថ្មមានប្រវែង ៣៦៩,៦០៨ គម ផ្លូវក្រាលដីធម្មជាតិមានប្រវែង ៣១,៨៥០ គម។

-ការងារអភិវឌ្ឍន៍ជនបទៈបានសាងសង់ផ្លូវជនបទគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ៥៧,២៨៥ គ.ម នៅស្រុកកំពង់រោទិ៍ ស្រុករំដួល និងស្វាយជ្រំ និងប្រវែង ១៣,៣៦៨ គ.ម នៅស្រុក កំពង់រោទិ៍ និងស្រុកស្វាយជ្រំ សម្រេចបាន៥៧% (ពហុឆ្នាំ)។ បានកំពុងសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ៣,២ គ.ម នៅស្រុកស្វាយជ្រំ សម្រេចបាន៩៨% (ពហុឆ្នាំ) និងប្រវែង ១២,៤២៩ គ.ម នៅក្រុងបាវិត និងកំពង់រោទិ៍ សម្រេចបាន១០% និងបានបញ្ចប់សាងសង់បង្គន់អនាម័យសាធារណៈចំនួន    ១កន្លែង ក្នុងផ្សារស្វាយជ្រុំ នៅស្រុកស្វាយជ្រំ ។ បានបញ្ចប់ការសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ១១,៤ គ.ម នៅស្រុករំដួល និងស្រុកស្វាយជ្រំ ។

-វិស័យអប់រំសិក្សាធិការៈ នៅទូទាំងខេត្តវិទ្យាល័យមាន ២១កន្លែង អនុវិទ្យាល័យមាន ៥៣កន្លែង បឋមសិក្សាមាន ២៦២កន្លែង និងមត្តេយ្យសិក្សាមាន ១៧៣កន្លែង ព្រមទាំងមានសិស្សគ្រប់ភូមិសិក្សាចំនួន ៦១.៥៨៩នាក់ ។ ដោយឡែក ចំពោះអគារសិក្សាមានចំនួន ៩៦២ខ្នង ស្នើនឹង ៤.០៦៥បន្ទប់ ។

-វិស័យសុខាភិបាលៈ​ បច្ចុប្បន្នមានការរីកចម្រើនគួរឲ្យកត់សម្គាល់ នៅទូទាំងខេត្តមានមន្ទីរ ពេទ្យចំនួន ០៥កន្លែង គឺ៖ មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកជីភូ មន្ទីរពេទ្យបង្អែករមាសហែក មន្ទីរពេទ្យ​បង្អែកស្វាយទាប មន្ទីរពេទ្យបង្អែកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល​។ ក្នុងខេត្តស្វាយរៀង មានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កចំនួន ១៣កន្លែង ក្នុងនោះមានមណ្ឌលចត្តាឡីស័កកម្រិត២ចំនួន ២កន្លែង ។ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១.៥៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ១.០៧៦នាក់ ករណីកំពុងសម្រាកព្យាបាលចំនួន ៤៨៣នាក់ និងមានករណីស្លាប់ចំនួន ១១នាក់ ។

  –ផែ្នកថាមពលអគ្គិសនី និងទឹកស្អាតៈ ថាមពលអគ្គិសនី ដែលប្រើប្រាស់ក្នុងខេត្តស្វាយរៀង គឺ​ផលិតផ្ទាល់ខ្លួន ទិញពីប្រទេសវៀតណាម​  ភ្នំពេញ អនុស្ថានីយ៍ច្រកម្ទេស សរុបទាំងអស់ ២៦៨.០៦​៨​.៩​៤​៦គីឡូវ៉ាត់ម៉ោង​​ តម្លៃថាមពលអគ្គិសនី ៦៥០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង គ្រួសារមាន​អគ្គិសនី​​ប្រើប្រាស់​ចំនួន​ ៧៧.៦១៧គ្រួសារ ។ ចំពោះការងារផ្គត់ផ្គង់ទឹកស្អាតក៏បាន រៀបចំ​ប្រព័ន្ធ​បណ្តាញ​ទឹកស្អាត ដើម្បី​ផ្គត់​ផ្គង់ជូនប្រជាពលរដ្ឋតាមទីប្រជុំជនក្រុងស្វាយរៀង ប្រសូ​តិ កំពង់ចក តម្លៃ ១.២០០រៀល ក្នុង​មួយ​ម៉ែត្រគូប គ្រួសារដែលមាន​ទឹកស្អាត​ប្រើប្រាស់​ចំនួន ៧.៧៥១ គ្រួសារ ។

 –វិស័យព្រះពុទ្ធសាសនាៈ ទូទាំងខេត្តស្វាយរៀង មានចំនួន ២៤៥វត្ត ក្នុងនោះវត្តគណៈមហានិកាយមានចំនួន ២៤៤វត្ត និងគណៈ ធម្មយុត្តិកនិកាយមានចំនួន ០១វត្ត ដែលមានព្រះសង្ឃមានចំនួន ២.១៩៥អង្គ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានរៀនបចំកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម ដោយបានផ្សព្វផ្សាយពីផលប៉ះពាល់ការ ប្រើប្រា​ស់គ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ និងអំពីភូមិឃុំ មានសុវត្ថិភាព តាមវិទ្យុនានាក្នុងខេត្ត ចំនួន ៧២០ម៉ោង ។ នៅក្នុងខេត្តមានសាលាធម្មវិន័យចំនួន ៣២កន្លែង សាលាពុទ្ធិកបឋមមានចំនួន ៣៣កន្លែង និងពុទ្ធិកអនុវិទ្យាល័យមានចំនួន ០១កន្លែង មានសមណសិស្សនិងសិស្សសរុបចំនួន ១.៨៥៦អង្គ/នាក់ ។

វិស័យវិនិយោគឯកជនៈ បច្ចុប្បន្ន ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស កំពុងដំណើរការ​ ០៩កន្លែង គឺតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន តំបន់សេដ្ឋកិច្ចពិសេសតាយសេងបាវិត តំបន់សេដ្ឋកិច្ច​ពិសេសសានដុង តំបន់សេដ្ឋកិច្ចពិសេសនាគរាជ តំបន់សេដ្ឋកិច្ចពិសេសឈីលូ ​តំបន់សេដ្ឋកិច្ច​ពិសេស​ហាយផាក តំបន់សេដ្ឋកិច្ចពិសេសហ្គីហ្គារីសត និងតំបន់សេដ្ឋកិច្ច​ពិសេស​អ៊ិនធ័រវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទី ខមផ្លេកស៍ ។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ នេះ នៅទូទាំងខេត្តមានសហគ្រាស គ្រឹះស្ថាន ចំនួន ២៧៩សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ១០៤.១៤៣នាក់ ស្រី ៦០.១១២នាក់ ។

វិស័យសំណង់ និងដីធ្លីៈ ការងារចុះបញ្ជីដីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីលើកដំបូងចំនួន   ២២៣ប័ណ្ណ ការចុះបញ្ជីអំពីការផ្ទេរសិទ្ធិចំនួន ២.៤៦១ប័ណ្ណ ការប្ដូរប្រភេទដីចំនួន ០៩ប័ណ្ណ ការបំបែកក្បាលដីដោយមិនផ្ទេរចំនួន ៣៦ប័ណ្ណ និងការចុះបញ្ជីអំពីការដាក់ហ៊ីប៉ូតែកចំនួន ៥០០ប័ណ្ណ ។ ការងារចុះបញ្ជីដីមាន    លក្ខណៈជាប្រព័ន្ធ បានបញ្ជូលទិន្នន័យក្បាលដីសម្រេច ចំនួន  ៩៨.៨៦៧ក្បាលដី បានបិទផ្សាយជាសាធារណៈចំនួន ៨៤.៧៨៦ក្បាលដី និងបានចេញប័ណ្ណដល់ប្រជាពលរដ្ឋចំនួន  ៤៥.៧៧៩ក្បាលដី។​

វិស័យសេដ្ឋកិច្ច សង្គមកិច្ចផេ្សងទៀត ក៏កំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ផងដែរ   ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍខេត្តឲ្យមានការរីកចម្រើនឈានឡើងលើ គ្រប់វិស័យ។